(តាកែវ)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការដាំកូនឈើឡើងវិញ នៅតំបន់ភ្នំតាម៉ៅ ហើយបានសម្រេចប្រគល់តំបន់ភ្នំតាម៉ៅ ឲ្យរដ្ឋបាលខេត្តតាកែវ, រដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋានដើម្បីគ្រប់គ្រងបន្ដ ចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះតទៅ។
ក្រោយពីបានបញ្ចប់បេសកកម្មយ៉ាងល្អដោយជោគជ័យ របស់បញ្ជាការដ្ឋានអង្គរក្ស និងដោយមានចំណារដ៏ខ្ពង់ខ្ពស់បានឃើញ និងសូមកោតសរសើររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើរបាយការណ៍ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២រួចមក បញ្ជាការដ្ឋានអង្គរក្ស ត្រូវរៀបចំកម្លាំង និងគ្រឿងចក្រដើម្បីត្រឡប់ចូលអង្គភាពវិញ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។
គួរជម្រាបថា បន្ទាប់ពីបានទទួលនូវបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១០ ខែសីហាឆ្នាំ២០២២ បានបញ្ជាឲ្យបញ្ជាការដ្ឋានអង្គរក្សបញ្ជូនកម្លាំងចំនួន១,២២៥នាក់ និងគ្រឿងចក្ររាប់សិបគ្រឿងចុះឈួសឆាយ កាយកប់ សម្អាតដី ដាំកូនឈើប្រណិត និងជីកស្រះចំនួន២ និងអាងស្តុកទឹកធំនៅចំកណ្តាល១កន្លែង ដែលអាចស្រោចស្រប់កូនឈើនូវរដូវប្រាំងដោយគ្មានបញ្ហាចោទ ព្រមទាំង ដាំបង្គោលថ្ម និងព័ទ្ធលួសបន្លារ ជុំវិញផ្ទៃដី៥៣០ហិកតា ហើយបានដាំកូនឈើឡើងវិញនៅតំបន់ភ្នំតាម៉ៅ។
មកដល់បច្ចុប្បន្ននេះ អនុវត្តបានសម្រេចលទ្ធផលរួមមាន ដាំកូនឈើបានចំនួន១៥៧,៩៥១ដើម, សម្អាតដី បានចំនួន៥៣០ហិកតា, ជីកស្រះបានចំនួន ២កន្លែង, ជីកអាងស្តុបទឹកបានចំនួន១កន្លែង, ធ្វើរបងដាំបង្គោលថ្មបានចំនួន ៥,០២៩ដើម និងព័ទ្ធលួសបន្លាបានប្រវែង ៥០,២៨០ម៉ែត្រ។
បន្ដទៅនេះ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានប្រគល់ជូនទៅអាជ្ញាធរដែនដី រួមមាន រដ្ឋបាលខេត្តតាកែវ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ, រដ្ឋបាលស្រុកបាទី, រដ្ឋបាលឃុំក្រាំងឆ្នង់ និងរដ្ឋបាលឃុំកណ្ដឹង ដើម្បីគ្រប់គ្រងថែទាំបន្ត៕