(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២នេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចំណាយពេលពេញមួយថ្ងៃចាប់តាំងពីព្រឹកព្រលឹមអុរ រហូតដល់ព្រលប់ ដើម្បីបំពេញការងារសំខាន់ៗមួយចំនួនពាក់ព័ន្ធស្ថាប័នគយ និងក្រសួងសាធារណការ និងដឹកជញ្ជូន។
នៅវេលាម៉ោងប្រមាណជា៨ព្រឹកលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អមដំណើរដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំក្រសួងទាំងពីរ អញ្ជើញចុះត្រួតពិនិត្យអំពីដំណើរការគ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។
ដំណើរស្វែងយល់ពីដំណើរការគ្រប់គ្រងផ្លូវល្បឿនលឿននេះ លោកឧបនាយករដ្ឋមន្ត្រី ទទួលបានការបង្ហាញពីសំណាក់បុគ្គលិកក្រុមហ៊ុនវិនិយោគ ក៏ដូចជាលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទៅលើប្រព័ន្ធការងារគ្រប់គ្រងចរាចរណ៍លើផ្លូវល្បឿនលឿន ជាពិសេសនីតិវិធីមួយចំនួននៅបញ្ជរបង់ប្រាក់។
បន្ទាប់ពីបានស្តាប់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានផ្តល់យោបល់មួយចំនួនលើការងារទូទាត់ប្រាក់របស់ម្ចាស់យានយន្ត ពេលឡើងដំណើរលើផ្លូវល្បឿនលឿន។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការកែលំអរលើបញ្ហាមួយចំនួនពាក់ព័ន្ធផ្លូវល្បឿនលឿននេះផងដែរ។
បន្ទាប់ពីបានពិនិត្យដំណើរការគ្រប់គ្រងផ្លូវល្បឿនលឿនហើយនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបន្តដំណើរតាមផ្លូវល្បឿនលឿនទៅកាន់ខេត្តព្រះសីហនុ។ ក្នុងខេត្តព្រះសីហនុ លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ ឱ្យប្រើប្រាស់ទីស្នាក់ការគយ និងរដ្ឋករនៅទីតាំង៤ផ្សេងទៀត។
ក្នុងខេត្តព្រះសីហនុ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញត្រួតពិនិត្យអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួនពីរទីតាំង ដែលដំណើរការសាងសង់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងដំណើរអញ្ជើញត្រួតពិនិត្យការសាងសង់អាប្រព្រឹត្តិកម្មទឹកកខ្វក់នេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជជែកគ្នាលើការងារគ្រប់គ្រងទឹកកខ្វក់នេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។
បន្ទាប់ពីបញ្ចប់បេសកកម្មនៅខេត្តព្រះសីហនុ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បន្តដំណើរទៅកាន់ខេត្តកំពត។ បេសកកម្មការងារនៅខេត្តកំពត លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ដែលកំពុងរងការខូចខាតខ្លាំង។
ក្នុងឱកាសចុះពិនិត្យផ្លូវនេះលោកឧបនាយករដ្ឋមន្ត្រី ក៏បានស្តាប់នូវការលើកឡើងនូវបញ្ហាមួយចំនួនពាក់ព័ន្ធនឹងកំណាត់ផ្លូវមួយខ្សែនេះ និងស្តាប់ការពន្យល់បច្ចេកទេសសាងសង់កំណាត់ផ្លូវនេះឱ្យជាប់បានយូរ ខណៈស្ថានភាពដីនៅទីនោះជាប្រភេទដីស្អុយទាមទារបច្ចេកទេខ្ពស់ទើបជាប់បានយូរ។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា លោកបានដាក់សំណើ ទៅរដ្ឋាភិបាលចិន ឱ្យពិចារណាបង្វិលគម្រោងមិនទាន់ចាំបាច់ខ្លាំងក្នុងឆ្នាំ២០២៣ មកក្នុងគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ០៣នេះជំនួសវិញ ព្រោះការសាងសង់ផ្លូវនេះមានភាពចាំបាច់ខ្លាំង។
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានោះលោកឧបនាយករដ្ឋមន្ត្រី ក៏បានបន្តធ្វើដំណើរទៅកាន់ខេត្តកំពត ដើម្បីពិនិត្យពីការសាងសង់កំពងផែទេសចរណ៍ក្នុងខេត្តកំពត។ ផ្លូវឆ្ពោះពីវិលរេញ ទៅទីរួមខេត្តកំពត ផ្លូវប្រវែងប្រមាណ ២០គីឡូម៉ែត្រ បានរងការខូចខាតជាខ្លាំង ដែលធ្វើឱ្យការធ្វើដំណើរមិនបានលឿននោះឡើយ។ កំណាត់ផ្លូវដែលខូចនេះប្រវែងប្រមាណ ២០គីឡូម៉ែត្រប៉ុណ្ណោះ តែត្រូវប្រើពេលបើកបរឆ្លងកាត់រហូតដល់ទៅ២ម៉ោង។
បន្ទាប់ពីឆ្លងកាត់កំណាត់ផ្លូវដ៏លំបាកនេះរួចទៅ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបន្តដំណើរទៅពិនិត្យកំពង់ផែទេសចរណ៍ខេត្តកំពត។ កំពង់ផែននេះ ត្រូវបានសាងសង់ឡើងបំណងទាក់ទាញអ្នកទេសចរតាមផ្លូវសមុទ្រ ជាពិសេសជាមួយប្រទេសជិតខាងវៀតណាម និងថៃ។
កំពង់ផែទេសចរណ៍ខេត្តកំពត បានសាងសង់រួចរាល់ហើយ ដោយចំណាយថវិកាប្រមាណ ១៨លានដុល្លារអាមេរិក ជាកម្ចីពីធនាគារអភិវឌ្ឍអាស៊ី (ADB)។ កំពង់ផែនេះសាងសង់លើផ្ទៃដីទំប្រមាណ ៤ហិកតា។
ក្នុងដំណើរចុះពិនិត្យកំពង់ផែទេសចរណ៍នេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវអានុសាសន៍មួយចំនួនពាក់ព័ន្ធការគ្រប់គ្រងកំពង់ផែ ការដោះស្រាយបញ្ហាប្រឈម និងណែនាំឱ្យគិតគូរពីការអូសទាញអ្នកទេសចរចូលមកម្ពុជាជាដើម៕