(កំពង់ឆ្នាំង)៖ លោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដបូង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំព្រះរាជអាជ្ញារង និងមន្ត្រីអយ្យការសាលាដំបូងខេត្ត នាំយកអំណោយជាគ្រឿងឧបភោគ បរិភោកគ និងថវិកាមួយចំនួនចែកជូនប្រជាពលរដ្ឋរស់នៅតាមទន្លេ ស្ថិតនៅភមិត្រដោក ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលកំពុងរងគ្រោះដោយទឹកជំនន់ទន្លេ។
នាឱកាសនេះផងដែរ លោក អ៉ិត សុធា បានសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះប្រកបដោយមនោសញ្ចេតនា ក្តីអាណិតអាសូរ ការស្រឡាញ់ ចែករំលែកនូវការលំបាក និងចូលរួមសោកស្តាយយ៉ាងក្រៃលែងជាមួយប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។
លោកក៏បានលើកឡើង និងកោតសរសើរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងនាមជាប្រមុខដឹកនាំលោកបានតស៊ូព្យាយាមទាំងយប់ ទាំងថ្ងៃ ធ្វើយ៉ាងណារកសេចក្តីសុខជូនប្រជាពលរដ្ឋ ការពារប្រជាពលរដ្ឋ និងខិតខំគ្រប់បែបយ៉ាង ដើម្បីធ្វើឱ្យប្រទេសជាតិមួយនេះរួចផុតពីជំងឺកូវីដ១៩។
ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៉ិត សុធា បានផ្តាំផ្ញើជូនដល់ប្រជាពលរដ្ឋ ជាណិសេសគ្រួសារដែលមានកូនចៅតូចៗ កុំបណ្ដែតបណ្ដោយឱ្យលេងទឹក ពីព្រោះវាអាចបណ្តាលឱ្យបាត់បង់ជីវិតដោយសារលង់ទឹកបាន ដូចនេះត្រូវការពារពួកគេឱ្យបានល្អ ជៀសវាងមានវិប្បដិសារីនៅពេលបាត់បង់សមាជិកគ្រួសារដោយសារការធ្វេសប្រហែសនេះ។
ត្រង់ចំណុចនេះ លោកព្រះរាជអាជ្ញា ក៏ក្រើនរំឮកបន្ថែមដល់ប្រជាពលរដ្ឋសូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យព្រោះសុខភាពជាកត្តាចម្បង សម្រាប់យើងគ្រប់គ្នា ដូច្នេះ សូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ។ នៅពេលទឹកស្រុកសូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ និងត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិសដែលវាបានទៅរស់នៅតាមដំបូលផ្ទះឬកន្លែងផ្សេងៗក្នុងផ្ទះ ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត ហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិតដើម្បីស្ដារ សេដ្ឋកិច្ច គ្រួសារឡើងវិញ និងបន្តទប់ស្កាត់ជំងឺកូវីដ១៩ អនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី។
លោក អ៉ិត សុធា ក៏បានណែនាំដល់ប្រជានេសាទទាំងអស់កុំឱ្យធ្វើការនេសាទដោយប្រើឧបករណ៍នេសាទល្មើសច្បាប់ ព្រោះត្រូវប្រឈមមុខចំពោះមុខច្បាប់ យ៉ាងណាមិញ ការនេសាទល្មើសច្បាប់ គឺបំផ្លាញធនធានមច្ឆាជាតិគ្រប់ប្រភេទ គឺជាការបំផ្លាញខ្លួនឯង បផ្លាញកូនចៅខ្លួនឯងនាពេលអនាគត៕