(ភ្នំពេញ)៖ ដេប៉ាតឺម៉ង់អប់រំពេញមួយជីវិតនៃមហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំបាឋកថាស្តីពី «ការអប់រំ បច្ចេកវិទ្យា និងទីផ្សារការងារ» ដើម្បីចែករំលែកចំណេះដឹងដល់សិស្ស និស្សិតប្រមាណ ៥០០នាក់ នៅសាលពហុបំណង នៃមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាពលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
បាឋកថាខាងលើនេះក៏មានវាគ្មិនកិត្តិយសសំខាន់ៗរួមមាន៖ លោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា, លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសម្របសម្រួលកម្មវិធីដោយ លោក មឿន ចន្ទ្រា ប្រធានដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត នៃមហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមទាំងមានសិស្ស និស្សិតចូលរួមជាច្រើនរូបផងដែរ។
ថ្លែងនាឱកាសនោះលោកបណ្ឌិត ជេត ជាលី បានឱ្យដឹងដែរថា បច្ចេកវិទ្យាមានសារៈសំខាន់ណាស់សម្រាប់សិស្ស និស្សិត ដែលបានផ្លាស់ប្តូទម្រង់ជាច្រើន ជាមួយនឹងការជួយដល់សិស្ស និស្សិត ក្នុងការធ្វើការប្រកួតប្រជែងការងារនាសម័យកាលបច្ចុប្បន្ននេះ ស្របជាមួយជំនាញលើបច្ចេកវិទ្យារួមទាំងចំណេះដឹងនេះ ក៏មិនអាចខ្វះបានដែរនូវឥរិយាបថល្អរបស់បុគ្គលម្នាក់ៗ ក៏ជារឿងសំខាន់ផងដែរក្នុងការប្រកួតប្រជែងការងារ។
លោកបណ្ឌិត ជេត ជាលី បានបន្ថែមថា បាឋកថាមួយនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សនិស្សិត ក្នុងស្វែងយល់ពីខ្លួនឯងពីឱកាសការងារនាពេលបច្ចុប្បន្ននេះ ជាមួយនឹងការសទទួលបាននូវការយល់ដឹងផ្សេងៗពីវាគ្មិនជំនាញ ដែលមានសារៈសំខាន់សម្រាប់ជីវិតពិតរបស់ខ្លួនឯង ក្នុងការដឹកនាំខ្លួនឯងទៅកាន់ភាពជោគជ័យ មុនការជួយប្រទេសជាតិ។
ជាមួយគ្នានោះបើតាមលោក មឿន ចន្ទ្រា បានឱ្យដឹងថា ការរៀបចំបាឋកថានេះគឺជាសកម្មភាពមួយបន្ថែមទៀតរបស់ដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត ដើម្បីឱ្យនិស្សិតទទួលបានចំណេះដឹង និងបទពិសោធនថ្មីជាច្រើនពីវាគ្មិនដែលជាអ្នកពោពេញទៅដោយមានចំណេះដឹងការច្នៃប្រឌិត ការសិក្សាជាប់ជាប្រចាំ និងបទពិសោធន៍លើការងារជាក់ស្តែងតែម្ដង ដែលការចែករំលែកនេះគឺជាចំណេះដឹង និងជាធាតុចូលដ៏មានសារសំខាន់សម្រាប់និស្សិត និងយុវជនកម្ពុជា។
លោក មឿន ចន្ទ្រា បានបន្ថែមថា បាឋកថានេះក៏ជាផែនការសកម្មភាពមួយ ក្នុងចំណោមចង្កោមសកម្មភាជាច្រើននៃការសិក្សាពេញមួយជីវិតផងដែរ ព្រោះការសិក្សាពេញមួយជីវិតគឺជាការសិក្សាជាប់ជាប្រចាំ គ្រប់ទីកន្លែង រៀនពីមនុស្សជុំវិញខ្លួន តាមរយៈមធ្យោបាយផ្សេងៗទាំងផ្ទាល់ផង និងតាមប្រព័ន្ធអនឡាញផង គឺរៀនពីចាប់កំណើតរហូតដល់ពេលដែលអ្វីៗគ្រប់យ៉ាងនៃខ្លួនប្រាណលែងដំណើរការ៕