(កណ្ដាល)៖ លោក គង់ សោភ័ណ អភិបាលខេត្តកណ្ដាល បានចាត់ទុកគ្រូបង្រៀន គឺជាបេះដូងនៃកំណែទម្រង់វិស័យអប់រំ ដើម្បីការអភិវឌ្ឍ ជាឆ្អឹងខ្នងនៃគុណភាពអប់រំ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិ និងជាប្រទីបបំភ្លឺលោកប្រកបដោយគតិបណ្ឌិត។
ការចាត់ទុកបែបនេះរបស់ភិបាលខេត្តកណ្តាល បានធ្វើឡើងក្នុងអញ្ជើញជាអធិបតីទិវាគ្រូបង្រៀន ៥តុលា ខួបលើកទី២៥ ក្រោមប្រធានបទ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង» នៅក្នុងវិទ្យាល័យអប់រំពិសេស ស្ថិតនៅក្រុងតាខ្មៅ នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ។
ជាមួយគ្នានេះដែរ លោក គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះព្រមទាំងវាយតម្លៃខ្ពស់ចំពោះ លោកនាយក លោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងលះបង់ខ្ពស់ មិនគិតនឿយហត់ក្នុងការងារអប់រំ ផ្តល់ចំណេះដឹងដល់សិស្សានុសិស្សគ្រប់ៗរូប ពិសេសការថែទាំ និងបង្រៀនសិស្សដែលមានពិការភាពសតិបញ្ញា និងអូទីស្សឹម នៃវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ដោយមានការអត់ធ្មត់ ប្រកបដោយក្តីស្រឡាញ់ និងការតាំងចិត្តខ្ពស់បង្រៀនសិស្សពិការទាំងនេះ ព្រមទាំងថែទាំពួកគេបានយ៉ាងល្អ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា សិស្សានុសិស្ស ដែលមានពិការភាពសតិបញ្ញា និងអូទីស្សឹមនេះមានការពិបាកបង្រៀនណាស់ បើប្រៀបធៀបទៅ និងសិស្សានុសិស្សពិការភាពដទៃទៀត ដែលទាមទារឱ្យមានការអត់ធ្មត់ខ្ពស់បំផុត ពីលោកគ្រូ-អ្នកគ្រូ ទើបទទួលបានជោគជ័យ។
បន្ថែមពីនេះ លោក គង់ សោភ័ណ្ឌ បានអំពាវនាវដល់សប្បុរសជន និងដៃគូអភិវឌ្ឍន៍នានា និងស្ថាប័នដែលមានការពាក់ព័ន្ធទាំងអស់ សូមបន្តជួយគាំទ្រវិទ្យាល័យអប់រំពិសេសនេះ ដើម្បីរួមគ្នាលើកកម្ពស់ជនពិការស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការក្នុងប្រទេសរបស់យើងផងដែរ។
បើតាមលោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានឱ្យដឹងថា វិទ្យាល័យនេះបានដើរតួនាទីសំខាន់បំផុត ក្នុងការអនុវត្តគោលនយោបាយអប់រំ បរិយាបន្ន បច្ចុប្បន្ននេះវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានចុះឈ្មោះសិស្សពិការភាពសតិបញ្ញា និងសិស្សអូទីស្សឹម បានចំនួន ២១៥នាក់ ស្រី ៥៦នាក់ និងបន្តចុះឈ្មោះបន្ថែម ១០០នាក់ទៀត នៅពេលមានអគារគ្រប់គ្រាន់ ព្រោះថា សម្រាប់ឆមាសទី១ ឆ្នាំ២០២២នេះ មានសិស្សអូទីស៊ឹមចំនួនជិត ១០០នាក់ទៀត ដែលនៅរងចាំ និងចូលរៀនជាបន្ទាន់នេះបើគិតលើអាយុកុមារពិការ ដែលអ្នកអាណាព្យាបាលសំណូមពរឱ្យពង្រីកថ្នាក់បន្ថែមទៀត៕