(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សម្រាប់សមាសភាគទី១ (PIU1) នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំស្តីពីការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្រុមគោលដៅទទួលផល និងការផ្សព្វផ្សាយអំពីទម្រង់ឯកសារ និងនីតិវិធីក្នុងការដកប្រាក់កម្ចីរបស់គម្រោង ACSEP សមាសភាគទី១។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកគម្រោង និងលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រងគម្រោង ដោយផ្ទាល់នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងតាមប្រព័ន្ធអនឡាញ។
កិច្ចប្រជុំនេះបានរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្ជាក់ឱ្យច្បាស់អំពីក្រុមគោលដៅទទួលផល និងផលិតផលដែលមានសក្តានុពលដល់ស្ថាប័នហិរញ្ញវត្ថុ ដៃគូសហការក្រោមក្របខណ្ឌគម្រោង ACSEP ផ្សព្វផ្សាយអំពីទម្រង់ឯកសារ និងនីតិវិធីក្នុងការដកប្រាក់កម្ចី (ESMS Template, Financial Request Template, Covenants and Risk Management Discussion) និងរៀបចំបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្រ្តី PIU និង PFI។
កិច្ចប្រជុំនេះមានការចូលរួមពីសមាជិក និងទីប្រឹក្សាជាតិនិងអន្តរជាតិរបស់ PIU1 តំណាងមកពីអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ច តំណាងអង្គភាពគ្រប់គ្រងគម្រោងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងមកពីស្ថាប័នហិរញ្ញវត្ថុដៃគូ៕