(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបើឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសមួយថា សេចក្តីសម្រេចរបស់តុលាការ កាត់ទោស លោក សុន ឆ័យ នៅថ្ងៃនេះ បានធ្វើឱ្យគ.ជ.ប ទទួលបាននូវភាពស្អាតស្អំ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងនាមជាស្ថាប័នជាតិ។
សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បានបញ្ជាក់ថា នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមព្រហ្មទណ្ឌ លេខ ២៩០៧ ពាក់ព័ន្ធនឹងបណ្តឹងពីបទបរិហារកេរ្តិ៍ គ.ជ.ប ទៅលើជនជាប់ចោទឈ្មោះ សុន ឆ័យ ដែលបានធ្វើបទសម្ភាសន៍ជាមួយ លោក តាំង សារ៉ាដា តាមរយៈកម្មវិធី IDEA TALK កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។
តុលាការបានច្រានចោលការចោទប្រកាន់របស់ជនជាប់ចោទ និងទទួលយកសំណូមពររបស់ដើមបណ្តឹងរដ្ឋប្បវេណី គ.ជ.ប ដោយតុលាការបានពិនិត្យឃើញថា ការអះអាងរបស់ឈ្មោះ សុន ឆ័យ មិនមែនជាការពិត និងមានការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឱ្យប៉ះពាល់ដល់ស្ថាប័នជាតិ ហើយអំពើរបស់ជនជាប់ចោទបានធ្វើឱ្យខូចខាតសណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម។
សាលាដំបូងរាជធានីភ្នំពេញ បានសំអាងហេតុទៀតថា «នៅក្នុងរឿងនេះ អ្នកតំណាងដើមបណ្តឹងរដ្ឋប្បវេណី គ.ជ.ប ស្នើសុំតុលាការផ្តន្ទាទោសជនជាប់ចោទតាមច្បាប់ និងបង្គាប់ឱ្យឈ្មោះ សុន ឆ័យ ធ្វើលិខិតសុំទោសស្ថាប័ន គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ នោះតុលាការយល់ឃើញថា ដើម្បីស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ គ.ជ.ប ជាស្ថាប័នជាតិ បុគ្គល សុន ឆ័យ ចំាបាច់ត្រូវធ្វើលិខិតសុំទោសជាលាយលក្ខណ៍អក្សរផ្សាយជាសាធារណៈរយៈពេលចំនួន ២ខែ ដែលការយល់ឃើញនេះ តុលាការពុំចាំបាច់សរសេរក្នុងសេចក្តីសម្រេចនៃសាលក្រម»។
សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសឈ្មោះ សុន ឆ័យ ដោយពិន័យជាប្រាក់ចំនួន ៩ លាន រៀលគត់ ដើម្បីបង់ចូលថវិកាជាតិ ពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ» តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និងផ្តន្ទាទោសបន្ថែមតាមបញ្ញត្តិមាត្រា ៥៣ និង មាត្រា ៣១០ នៃក្រមព្រហ្មទណ្ឌ ដោយបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅទីសំណាក់ចុងក្រោយរបស់ជនជាប់ចោទ នៅសាលាសង្កាត់នៃទីលំនៅរបស់ជនជាប់ចោទ នៅមណ្ឌលបោះឆ្នោតឃុំ/សង្កាត់ រាជធានី/ខេត្ត និងនៅបញ្ជរព័ត៌មានសាលាដំបូងរាជធានីភ្នំពេញសម្រាប់រយៈពេល ២ខែ ព្រមទាំងផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនេះនៅក្នុងសារព័ត៌មានសរសេរ និងនៅតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់រយៈពេល ៨ថ្ងៃ ដោយការចំណាយជាបន្ទុករបស់ជនជាប់ចោទ។
គ.ជ.ប បានបញ្ជាក់ថា «តាមរយៈសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ គ.ជ.ប ពិតជាទទួលបាននូវភាពស្អាតស្អំ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងនាមជាស្ថាប័នជាតិ»៕