(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ បានប្រកាសសាលក្រមលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈទាំង២របស់ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដែលត្រូវបានប្តឹងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) និងបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា។
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅក្នុងសំណុំរឿងបរិហារកេរ្តិ៍នេះ ចៅក្រមជំនុំជម្រះបានសម្រេចសាលក្រមដូចតទៅ៖
សំណុំរឿងទី១៖ បណ្តឹងរបស់ គ.ជ.ប ប្តឹង លោក សុន ឆ័យ ចៅក្រមបានសម្រេច៖
១៖ ផ្ដន្ទាទោសលើឈ្មោះ សុន ឆ័យ ពិន័យជាប្រាក់ចំនួន៩លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។
២៖ ផ្តន្ទាទោសនូវទោសបន្ថែមលើជនជាប់ចោទ ដូចខាងក្រោម៖
២.១៖ បិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅទីលំនៅរបស់ជនជាប់ចោទ នៅសាលាសង្កាត់នៃទីលំនៅរបស់ជនជាប់ចោទ នៅមណ្ឌលបោះឆ្នោតឃុំ-សង្កាត់នៃរាជធានី-ខេត្ត និងនៅបញ្ជរព៌តមានរបស់សាលាដំបូងរាជធានីភ្នំពេញ រយៈពេល២ខែ។
២.២៖ ផ្សាយសេចក្តីសម្រេចផ្ទន្ទាទោស នៅក្នុងសារព័ត៌មានសរសេរ រយៈពេល៨ថ្ងៃ។ សោហ៊ុយចុះផ្សាយខាងលើជាបន្ទុករបស់ទណ្ឌិត។
២.៣៖ ផ្សាយសេចក្តីសម្រេចផ្ទន្ទាទោសតាមគ្រប់មធ្យោបាយទូរគមនោគមន៍ សោតទស្សន៍ រយៈពេល៨ ថ្ងៃ។ សោហ៊ុយចុះផ្សាយខាងលើជាបន្ទុករបស់ទណ្ឌិត។
សំណុំរឿងទី២៖ គណបក្សប្រជាជនកម្ពុជា ប្តឹង លោក សុន ឆ័យ ចៅក្រមបានសម្រេច៖
១៖ ផ្ដន្ទាទោសលើឈ្មោះ សុន ឆ័យ ពិន័យជាប្រាក់ចំនួន៨លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។
២៖ ផ្តន្ទាទោសនូវទោសបន្ថែមលើជនជាប់ចោទ ដូចខាងក្រោម៖
២.១៖ បិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅទីលំនៅរបស់ជនជាប់ចោទ នៅសាលាសង្កាត់នៃទីលំនៅរបស់ជនជាប់ចោទ នៅមណ្ឌលបោះឆ្នោតឃុំ-សង្កាត់នៃរាជធានី-ខេត្យ និងនៅបញ្ជរព៌ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ សម្រាប់រយៈពេល២ខែ។
២.២៖ ផ្សាយសេចក្តីសម្រេចផ្ទន្ទាទោស នៅក្នុងសារព័ត៌មានសរសេរ រយៈពេល៨ថ្ងៃ។ សោហ៊ុយចុះផ្សាយខាងលើជាបន្ទុករបស់ទណ្ឌិត។
២.៣៖ ផ្សាយសេចក្តីសម្រេចផ្ទន្ទាទោសតាមគ្រប់មធ្យោបាយទូរគមនោគមន៍ សោតទស្សន៍ រយៈពេល៨ ថ្ងៃ។ សោហ៊ុយចុះផ្សាយខាងលើជាបន្ទុករបស់ទណ្ឌិត។
៣៖ បង្គាប់ឲ្យឈ្មោះ សុន ឆ័យ សងសំណងជម្ងឺចិត្តឲ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣០០០លានរៀល។
សំណុំរឿងបរិហារកេរ្តិ៍ទាំង២នេះ គឺមួយប្តឹងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមួយទៀតប្តឹងដោយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពី លោក សុន ឆ័យ បានចោទប្រកាន់ថា ការបោះឆ្នោតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ មានការទិញ និងលួចបន្លំសន្លឹកឆ្នោត។
នៅក្នុងសំណុំរឿងទាំងពីរនេះ លោក សុន ឆ័យ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» តាមបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគណបក្សប្រជាជនកម្ពុជា។
ក្នុងពាក្យបណ្តឹងដែលបានដាក់ចូលទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោក គី តិច មេធាវីគណបក្សប្រជាជនកម្ពុជា បានប្តឹងថា ការចោទប្រកាន់ដោយគ្មានភស្តុតាងរបស់លោកសុន ឆ័យ ក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានមួយចំនួនកន្លងមកនោះ គឺជាអំពើទុច្ចរិត, បំភ្លៃខុសពីការពិត ជាការផ្តល់ព័ត៌មានក្លែងក្លែង ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត លើគណបក្សប្រជាជនកម្ពុជា ។
លោកមេធាវី គី តិច បានស្នើសុំឱ្យព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ សុន ឆ័យ តាមបញ្ញត្តិច្បាប់ និងទាមទារសងសំណងជំងឺចិត្តនៃការខូចខាតជូនគណបក្សប្រជាជនកម្ពុជា ៤ពាន់លានរៀល ។
ចំណែក ពាក្យបណ្តឹងរបស់ គ.ជ.បវិញ គឺគ.ជ.ប បានស្នើឲ្យតុលាការផ្ដន្ទាទោសឈ្មោះ សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងទាមទារឱ្យឈ្មោះ សុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ៕