(ភ្នំពេញ)៖ តាមរយៈយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ នៅតាមសាលាដំបូងរាជធានី-ខេត្ត ក្នុងរយៈពេល១ឆ្នាំ ១ខែ ដែលត្រូវបានបិទបញ្ចប់នៅពេលកន្លងទៅ ក្រសួងយុត្ដិធម៌ បានរកឃើញថា សំណុំរឿងនៅតាមតុលាការមួយចំនួនត្រូវបានកកស្ទះ ដោយសារយន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមិនមានគ្រប់គ្រាន់ មិនទាន់ពេញលេញ ដូច្នេះហើយទើបរឿងតូចតាចមួយចំនួនត្រូវរុញទៅស្ថាប័នតុលាការទាំងអស់។
នេះបើតាមការឲ្យដឹងពី លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ ក្រោមប្រធានបទ «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងយុត្តិធម៌»។
លោក ជិន ម៉ាលីន បានអះអាងថា បើទោះបីយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ នៅតាមសាលាដំបូងរាជធានី-ខេត្ត ត្រូវបានបិទបញ្ចប់យ៉ាងណាក្ដី ប៉ុន្ដែគោលការណ៍ វិធានការដែលបានដាក់ចេញនាពេលកន្លងមក ក្នុងនោះរួមមាន វិធានការអនុវត្តទោសមិនមែនពន្ធនាគារ ការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ គឺនៅបន្ដអនុវត្តដដែលដើម្បីផលប្រយោជន៍យុត្តិធម៌។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានថ្លែងយ៉ាងដូច្នេះថា «យុទ្ធនាការយើងមិនអាចដាក់ចេញរយៈពេលយូរ ហើយធ្វើរហូតបាននោះទេ ព្រោះយុទ្ធនាការជាយន្ដហោះការបណ្ដោះអាសន្នចំពោះមុខ ដោះស្រាយបញ្ហាជាក់ស្ដែង [...] តាមរយៈយុទ្ធនាការនេះយើងរកឃើញថា ការកកស្ទះសំណុំរឿងមួយចំនួនដោយសារតែយន្ដការ សន្ទានុកម្ម ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមិនមានគ្រប់គ្រាន់ មិនទាន់ពេញលេញ ចឹងហើយរឿងតូចតាចទាំងប៉ុន្មានត្រូវបុកទៅតុលាការទាំងអស់»។
បើតាមលោក ជិន ម៉ាលីន បានគូសបញ្ជាក់ទៀតថា ការកកស្ទះសំណុំរឿងនេះ ក៏ពាក់ព័ន្ធដោយសារកត្តាធនធាន និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់តុលាការនៅមានកម្រិត ដូច្នេះហើយផ្ដើមចេញពីយុទ្ធនាការនេះក្រសួងបានរៀបចំការកែទម្រង់បង្កើតធនធាន ទាំងធនធានហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ ដើម្បីឆ្លើយតបទៅនឹងកំណើនសំណុំរឿង បទល្មើសដែលបានកើតឡើង។
ជាមួយគ្នានេះ លោក នាក់ សើគីរីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឲ្យដឹងថា លទ្ធផលសរុបរួម នៃយុទ្ធនាការសំណុំរឿងព្រហ្មទណ្ឌកកស្ទះ ដែលបានចាត់ការរួច នៅតាមសាលាដំបូងរាជធានី-ខេត្ត ទូទាំងប្រទេសទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ មានចំនួនសរុបជាង៣៧,៩០០សំណុំរឿង ស្មើនឹង៩៦% នៃសំណុំរឿងព្រហ្មទណ្ឌដែលបានកកស្ទះសរុបជាង ៣៩,៥០០សំណុំរឿង។
លោកបន្ដទៀតថា សំណុំរឿងដែលត្រូវបានជំនុំជម្រះរួចមានចំនួនជាង ១២,៦០០សំណុំរឿង ស្មើនឹង៩៧% នៃសំណុំរឿងសរុបជាង១៣,០០០សំណុំរឿង។ បន្ថែមពីនេះ សាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស ក៏បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មីចំនួនជាង ៦២,៨០០សំណុំរឿង ស្មើនឹង៧៨% នៃចំនួនសំណុំរឿងចូលថ្មីសរុបជាង ៨០,៤០០សំណុំរឿង។
ក្នុងដំណាក់កាលយុទ្ធនាការនោះ ក៏មានការអនុវត្តនីតិវិធីព្រហ្មទណ្ឌមួយចំនួនបន្ថែមទៀត ដែលអាចជួយកាត់បន្ថយនូវការចង្អៀតណែននៅក្នុងពន្ធនាគារ ដូចជា៖ ទី១៖ ការសម្រេចមិនឃុំខ្លួនបណ្តោះអាសន្ន ហើយមិនដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ, ទី២៖ ការចេញដីកាដំណោះស្រាយលើកលែងចោទប្រកាន់, ទី៣៖ ការសម្រេចសេចក្តីឲ្យរួចផុតពីបទចោទ, ទី៤៖ ការព្យួរទោសធម្មតា, ទី៥៖ ការព្យួរទោសសាកល្បង និងទី៦៖ ការដោះលែងទណ្ឌិតដែលអនុវត្តទោសចប់ ជាដើម
សូមរំលឹកថា នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ក្រសួងបានសម្រេចបង្កើត «គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត» ហៅកាត់ថា «គ.យ.ក.ស.»។
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គ.យ.ក.ស. បានប្រកាសបើកជាផ្លូវការនូវយុទ្ធនាការ បន្ទាប់ពីកិច្ចប្រជុំផ្ទៃក្នុងក្រសួងជាច្រើនលើក និងកិច្ចប្រជុំជាមួយតួអង្គពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាឲ្យការអនុវត្តយុទ្ធនាការខាងលើអាចប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព។ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ គ.យ.ក.ស. បានប្រកាសបិទយុទ្ធនាការបន្ទាប់ពីសម្រេចបានសមិទ្ធផលមួយល្អប្រសើរគួជាទីមោទក តាមគោលដៅដែលបានគ្រោងទុក៕