(ស្វាយរៀង)៖ ម៉ូតូហុងដាស៊ែរ១២៥ ចំនួន ២គ្រឿង ត្រូវបានចោរចាក់សោទ្វារបងចូលលួចទាំងកណ្ដាលអាធ្រាត្រ និងបានបំពុលសត្វឆ្កែងាប់ជាច្រើននៅផ្ទះបន្ទប់ពិគ្រោះ និងព្យាបាលជំងឺសុខសាន្តបានដោយ សុវត្ថិភាពនៅឃុំក្រោលគោ បង្កការផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២៖១៥នាទីទាបភ្លឺឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅផ្ទះបន្ទប់ពិគ្រោះ និងព្យាបាលជំងឺសុខសាន្ត ស្ថិតក្នុងភូមិព្រៃខ្លា ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះ អ៊ុង សុមេធ អាយុ៣០ឆ្នាំ មុខរបរគ្រូពេទ្យ រស់នៅភូមិព្រៃខ្លា ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកសម្ភារដែលបាត់បង់រួមមានម៉ូតូចំនូន ២គ្រឿងម៉ាកហុងដា C១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ស្វាយរៀង 1J-4494 និងម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅសេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ស្វាយរៀង 1H-4018 និងបានបំពុលសត្វឆ្កែងាប់ជាច្រើនក្បាលផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកឃាត់ខ្លួនក្រុមជនសង្ស័យមកផ្ដន្ទាទោស។
សូមបញ្ជាក់ថា មានករណីចោរលួចម៉ូតូជាច្រើនករណីនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង តែកម្រឃើញសមត្ថកិច្ចបង្ក្រាបបង្ក្រាបបាននោះឡើយ។ ជាមួយនឹងបញ្ហានេះ ប្រជាពលរដ្ឋសូមស្នើដល់ស្នងការនគរបាលខេត្តស្វាយរៀង ដែលទើបឡើងថ្មី និងអធិការនគរបាលស្រុកស្វាយជ្រំ ដែលទើបប្រកាសឡើងថ្មីជិត២ខែនេះ សូមជួយបង្ក្រាបក្រុមចោរលួចម៉ូតូ ឲ្យមានប្រសិទ្ធភាពផង គឺធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត និងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕