(ភ្នំពេញ)៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវអាជីវករនិងសន្តិសុខ ឃាត់ខ្លួនភ្លាមៗប្រគល់ឲ្យកម្លាំងសមត្ថកិច្ច ប៉ុស្ដិ៍ទឹកថ្លាសួរនាំ បន្ទាប់ពីស្ត្រីនេះបានចូលទៅបន្លំលួច សម្ភារផ្សេងៗរបស់ជនរងគ្រោះ ដែលកំពុងឈរលក់ដូរ ក្នុងផ្សារឡាក់គីទើបបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១៖៣០នាទីរសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្នុងផ្សារឡាក់គី ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នាយនគរបាលប៉ុស្ដិ៍ទឹកថ្លា លោក សុខ សុផល បានឲ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ បូករួមទាំង ចម្លើយសារភាពរបស់ស្ត្រីជាជនសង្ស័យ នៅមុនពេលកើតហេតុ ជនរងគ្រោះ កំពុងឈរលក់ដូរនៅក្នុងផ្សារឡាក់គី ស្ថិតក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខណៈនោះស្ត្រីជាជនសង្ស័យ បានដើរចូលមកបន្លំធ្វើជារកមើលដើរទិញអីវ៉ាន់ផ្សេងៗ នៅក្នុងផ្សាររួច ក៍ធ្វើសកម្មភាពលួចសម្ភារ របស់ជនរងគ្រោះ លាក់ដាក់ចូលក្នុងខោ បម្រុងរត់គេចខ្លួនស្រាប់ តែត្រូវជនរងគ្រោះ ដេញតាមពីក្រោយស្រែកផ្អើលឆោរឡោ ដើម្បីឲ្យសន្តិសុខជួយឃាត់ខ្លួនស្ត្រី ជាជនសង្ស័យបានភ្លាមៗ ដោយរកឃើញដកហូតវត្ថុតាង រួមមាន៖ប្រហិត ត្រីចំនួន៦កញ្ចប់ ចំណីសត្វចំនួន៥កញ្ចប់ ត្រីសាមុនចំនួន ២ចាន ទឹកត្រចៀកកម្មចំនួន១ ប្រអប់ទូរស័ព្ទណូគាអ៉ិនចុច ពិលចំនួន១ផងដែរ។
លោក សុខ សុផល នាយនគរបាលប៉ុស្ដិ៍ទឹកថ្លា បានឲ្យដឹងទៀតថា ស្ត្រីត្រូវសង្ស័យឃាត់ខ្លួនឈ្មោះ ស៊ាវ ម៉ី អាយុ៥៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល ភូមិស្លែង រលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះឈ្មោះ ឆន ប៊ុនធឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរជាបុគ្គលិកផ្សារឡាក់គី ស្នាក់នៅ ផ្ទះសង់ថ្មី សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមបញ្ជាក់ ស្ត្រីត្រូវជាប់សង្ស័យ ត្រូវបានកម្លាំងនគរបាល ប៉ុស្ដិ៍ទឹកថ្លាធ្វើការបញ្ជូនបន្ត ទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធី នៃផ្លូវច្បាប់។ដោយឡែក ចំពោះសម្ភារមួយចំនួន ខាងលើដែលបានរកឃើញ ដកហូតពីស្ត្រីសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ប្រគល់ជូនជនរងគ្រោះ វិញផងដែរ៕