(ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវផលិតព័ត៌មានដែលច្បាស់ការ និងទុកចិត្តបាន ព្រមទាំងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ។
ការថ្លែងបែបនេះរបស់លោក ម៉ែន អេង បានធ្វើឡើងខណៈដែលលោកតំណាងអភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មាន ប្រចាំខេត្តស្វាយរៀង នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។
លោក ម៉ែន អេង បានទឹកចិត្តដល់អ្នកសារព័ត៌មានត្រូវចូលរួមជាកែវភ្នែកយុត្តិធម៌ តាមរយៈការផ្សព្វផ្សាយនូវ ព័ត៌មានពិតតាមទិសស្លោក «កុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការពិត» ហើយការចូលរួមជាវិជ្ជមានរបស់យើងគ្រប់ៗគ្នា គ្រប់ដំណើរការរបស់សង្គមជាតិ គឺមានតម្លៃពង្រឹងបាននូវស្មារតីភាពជាម្ចាស់ប្រទេស ដោយមិនចាំបាច់មានទស្សនៈខាងក្រៅណាផ្តួចផ្តើម វាយតម្លៃ ឬសម្រេច ជំនួសយើងនោះឡើយ ព្រោះយើងទាំងអស់គ្នា ជាផ្នែកនៃការទទួលខុសត្រូវរួមលើសមិទ្ធផលសង្គម ហើយអ្វីៗទាំងឡាយនៅក្នុងសង្គមជាតិរបស់យើង គឺជាសូចនាករឆ្លុះបញ្ចាំងពីតម្លៃរួមរបស់យើងវិញផងដែរ។
ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរព័ត៌មានខេត្តស្វាយរៀងដែបានខិតខំចុះយកព័ត៌មាន ផលិតផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាការផ្សាយផ្ទាល់រាល់ព្រឹត្តិការណ៍នានា ជាពិសេសទាំងមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ប្រចាំខេត្តស្វាយរៀងបានផលិតផ្សព្វផ្សាយសកម្មភាពថ្នាក់ដឹកនាំ កិច្ចខិតខំប្រឹងប្រែង ការអភិវឌ្ឍក្នុងមូលដ្ឋាន ការកសាងនូវសមិទ្ធផលនានាក្នុងខេត្តស្វាយរៀង។
ទន្នឹមនឹងនេះដែរ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា យើងត្រូវចង់ចាំ «ពាក្យគុណសន្តិភាព» នៅក្នុងដួងចិត្តគ្រប់ៗគ្នា មានសន្តិភាពទើបមានការអភិវឌ្ឍរីកចម្រើន មានស្ថិរភាពក្នុងប្រទេស ប្រជាពលរដ្ឋរស់នៅ ដោយសុខសាន្ដ ក្នុងនោះវិស័យសារព័ត៌មាន ក៏មានភាពពេញលេញ អ្នកសារព័ត៍មានមានសិទ្ធសេរីភាពពេញលេញ និងលទ្ធភាពគ្រប់គ្រាន់ក្នុងការចុះយកព័ត៌មានដើម្បីផ្សព្វផ្សាយបានយ៉ាងទូលំទូលាយជូនទស្សនិកជន។
លោកអភិបាលរងខេត្តស្វាយរៀង ម៉ែន អេង បានស្នើដល់អ្នកសារព័ត៌មានជួយផ្សព្វផ្សាយអំពីផលប៉ះពាល់នៃល្បែងស៊ីសង ដើម្បីបញ្ជ្រាបព័ត៌មាននេះដល់ប្រជាពលរដ្ឋកុំឲ្យប្រព្រឹត្តនូវល្បែងស៊ីសងគ្រប់ប្រភេទ ព្រោះវាធ្វើឱ្យអន្តរាយដល់ខ្លួន ក្រុមគ្រួសារ និង នាំឱ្យខាតបង់នូវពេលវេលា និងថវិកា ព្រមទាំងជាអំពើខុសច្បាប់ផងដែរ។
លោក កែវ ចាន់លី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង បានជំរុញដល់អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត ច្បាស់លាស់ តាមទិស្លោក ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន ហើយចៀសវាងការផ្សព្វផ្សាយ ព័ត៌មាន បែបញុះញង់បង្ករវឹកវរដ៏សន្តិសុខសង្គម ជាពិសេសរាល់ការផ្សព្វផ្សាយព័ត៌មានត្រូវស្រង់ប្រភពឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយយកជាការបាន។
ជាមួយគ្នានេះលោក កែវ ចាន់លី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ដែលបានជួបសំណេះសំណាលលើកទឹកចិត្ត ផ្តល់តម្លៃដល់អ្នកសារព័ត៌មាន ជាពិសេសយកចិត្តទុកដាក់ និងផ្ដល់អនុសាសន៍ល្អៗផងដែរ៕