Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយ និងចូលរួមមរណទុក្ខដ៏ក្រៀមក្រំ ចំពោះការបាញ់ប្រហារលើកុមារថៃ (Video inside)

07-10-2022 11:28

(ភ្នំពេញ)៖ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចូលរួមសោកស្តាយ និងសម្តែងនូវមរណទុក្ខមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយរាជ រដ្ឋាភិបាលថៃ និងគ្រួសារជនរងគ្រោះក្នុងហេតុការណ៍ បាញ់ប្រហារកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ។

ការសម្តែងនូវការសោកស្តាយ និងចូលរួមនូវមរណទុក្ខនេះ បានធ្វើឡើងក្នុងពេលសម្តេចតេជោ ជួបពិភាក្សាការងារជាមួយលោកបណ្ឌិតសាស្ត្រាចារ្យ អនេក ឡៅថាំម៉ាថាត់ (Anek Laothammatas) រដ្ឋមន្ត្រីឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍របស់ថៃ នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅចំពោះមុខមន្ត្រីជាន់ខ្ពស់របស់ថៃ សម្តេចតេជោ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានសម្តែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះហេតុការណ៍ដ៏សោកសៅមួយនេះ។

សូមបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ម្សិលមិញនេះ បុរសជនជាតិថៃម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារសម្លាប់មនុស្សយ៉ាងហោច ៣៤នាក់ នៅខេត្តភាគឦសាន ប្រទេសថៃ។ ជនរងគ្រោះដែលបានបាត់បង់ជីវិតនៅទីនោះ រួមមានក្មេងៗដល់ទៅ ២៣នាក់។

មន្ត្រីប៉ូលិសថៃប្រចាំខេត្តណងបួលាំភូ បានឱ្យដឹងថា ខ្មាន់កាំភ្លើង ឈ្មោះ Panya Khamrab មានអាយុ ៣៤ឆ្នាំ បានធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលមើលថែទាំកុមារ ដែលស្ថិតក្នុងស្រុកណាក្លាង (Na Klang) ដើម្បីស្វែងរកកូន។ ប៉ុន្តែមិនបានជួបឡើយ ហើយស្រាប់តែបានបើកការបាញ់ប្រហារ នៅក្នុងមជ្ឈមណ្ឌលតែម្ដង។ ក្រោយមកខ្មាន់កាំភ្លើងរូបនេះបានជិះរថយន្ដត្រឡប់ទៅផ្ទះវិញ ហើយបាញ់សម្លាប់ប្រពន្ធកូន និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

ប្រព័ន្ធផ្សព្វផ្សាយថៃ បានឱ្យដឹងថា ខ្មាន់កាំភ្លើងរូបនេះធ្លាប់ជាអតីតមន្ត្រីប៉ូលិសម្នាក់ ដែលត្រូវបានបណ្ដេញចេញពីតួនាទីកាលពីឆ្នាំ២០២១ ដោយសារប្រើប្រាស់គ្រឿងញៀន។ អ្នកនៅក្នុងតំបន់នោះផ្ទាល់ ក៏សុទ្ធតែស្គាល់យ៉ាងច្បាស់ថា ខ្មាន់កាំភ្លើងរូបនេះជាមនុស្សញៀនថ្នាំផងដែរ។

នៅក្នុងការវាយប្រហារដ៏រន្ធត់នេះ ខ្មាន់កំាភ្លើង ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ព្រមទាំងកាំភ្លើង Shot Gun មួយដើម និងកំាបិតមួយផងដែរ។ ភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុឱ្យច្បាស់ដែលនាំឱ្យខ្មាន់កាំភ្លើងខាងលើ ប្រព្រឹត្តទង្វើដ៏សាហាវយង់ឃ្នងនេះទេ។ ប៉ូលិសថៃ បានសន្និដ្ឋានបឋមថា ការបាញ់ប្រហារនេះ អាចបណ្តាលមកពីឥទ្ធិពលគ្រឿងញៀន៕