(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដោយលោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងមន្ត្រីបច្ចេកទេសក្រសួង បានអនុញ្ញាតឲ្យលោកស្រី Jyotsana Varma នាយកថ្មីស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ( ADB ) ប្រចាំកម្ពុជា និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យធនធានទឹក ក្រោមកម្មវិធីវិនិយោគ និងជំនួយបច្ចេកទេសរបស់ ADB។
នៅក្នុងជំនួបនេះ លោកស្រី Jyotsana Varma បានធ្វើរបាយការណ៍ អំពីវឌ្ឍនភាពលើកិច្ចសហប្រតិបត្តិការរវាង ADB និងក្រសួងធនធានទឹក និងឧតុនិយម រួមមានគម្រោងដូចខាងក្រោម៖
*ទី១៖ គម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម (IAIP)
*ទី២៖ គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ (IWRM) ដែលអនុវត្តក្នុងខេត្តតាកែវ, បាត់ដំបង, កំពង់ធំ, កំពត, កំពង់ចាម, បន្ទាយមានជ័យ, ពោធិ៍សាត់, ឧត្តរមានជ័យ, កំពង់ឆ្នាំង, កំពង់ស្ពឺ និងខេត្តកណ្តាល។
ឆ្លៀតក្នុងឱកាសនោះលោកស្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រីធនធានទឹក ដែលបានបង្កលក្ខណៈងាយស្រួលដល់គណ:ប្រតិភូ (CPM) របស់ ADB ដើម្បីកសាងនូវយុទ្ធសាស្រ្ត (CPS) សម្រាប់វិស័យធនធានទឹកនៅកម្ពុជា។
បន្ទាប់ពីទទួលស្តាប់នូវរបាយការណ៍ខាងលើ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្ររបស់ ADB នាពេលកន្លងមក ក៏ដូចជាក្នុងពេលបច្ចុប្បន្នក្នុងការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្ត សំដៅដល់ការគ្រប់គ្រង និងប្រើប្រាស់ទឹកប្រកប ដោយប្រសិទ្ធភាព និងនិរន្តភាព៕