(ភ្នំពេញ)៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយ លោក យ៉ង់ សែម ប្រធានគណៈកម្មការ កាលពីថ្ងៃទី០៥ ខែតុលា កន្លងទៅនេះ បានទទួលជួបពិភាក្សាការងារជាមួយនឹង លេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងបរិស្ថាន ដឹកនាំដោយ លោក ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
ក្នុងឱកាសនោះ លោក យ៉ង់ សែម បានជម្រាបជូនអង្គប្រជុំអំពីគោលបំណងនៃជំនួបពិភាក្សានាពេលនេះ ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការធ្វើរបាយការណ៍ គោរពរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភាទាក់ទងនឹងសំណើរបស់តំណាងជនជាតិដើមភាគតិចចំនួន ១៦នាក់ មកពី១៦អំបូរជនជាតិ និងតំណាងឱ្យ សហគមន៍ជនជាតិដើម ១២ខេត្ត ក្រុង ដែលបានដាក់សំណើគោរពជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីសុំការអនុញ្ញារជួប និងគោរពផ្តល់ជូននូវសេចក្តីថ្លែងការណ៍រួម និងរបាយការណ៍នៃលទ្ធផលពិគ្រោះយោបល់ផ្តល់ធាតុចូលលើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីតំបន់ការពារធម្មជាតិឆ្នាំ២០០៨ និងច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២។
បន្ទាប់ពី លោក ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំជ្រាប អំពីការរៀបចំវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ ប្រកាសឲ្យប្រើនៅឆ្នាំ២០០២ ច្បាប់ស្តីពីជលផល ប្រកាសឲ្យប្រើនៅឆ្នាំ២០០៦ និងច្បាប់ស្តីពីតំបន់ការពារ ដែលប្រកាសឲ្យប្រើនៅឆ្នាំ២០០៨ រួចមក លោក យ៉ង់ សែម បានវាយតម្លៃខ្ពស់ និងកោតសរសើរទៅដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលយកសំណូមពរ និងសំណើរបស់តំណាងជនជាតិដើមភាគតិចចំនួន១៦នាក់ មកដោះស្រាយដោយស្មោះអស់ពីចិត្ត។ តាមរយៈការខិតខំរបស់រាជរដ្ឋាភិបាល ពិតបានបង្ហាញនូវការយកចិត្តទុកដាក់ក្នុងការដោះស្រាយរួមនូវសំណូមពររបស់ប្រជាពលរដ្ឋសមាគមន៍៕