(ភ្នំពេញ)៖ លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ចំណូលពន្ធ និងអាករ ប្រមូលដោយគយ ក្នុងខែឧសភា សម្រេចបានជាង១៤៦លានដុល្លារអាមេរិក មានកំណើន ប្រមាណ១០% បើធៀបនឹងចំណូល ខែឧសភា ឆ្នាំ២០១៥។
លោក គុណ ញឹម បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំខែឧសភា ឆ្នាំ២០១៦ រៀបចំឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
លោក គុណ ញឹម បានបន្តឲ្យដឹងថា «បើគិតក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៦ ចំណូលពន្ធ និងអាករ សរុបប្រមូលដោយគយមានប្រមាណ៧៦៣ លានដុល្លារអាមេរិក កើនឡើងជាង២២% ធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០១៥។ ចំណូល៥ខែ ដើមឆ្នាំ២០១៦នេះ សម្រេចបានប្រមាណជា៤៦% នៃផែនការចំណូល ដែលបានកំណត់ ក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៦»។
លោកអគ្គនាយកក៏បានជម្រាប ជូនអង្គប្រជុំអំពីការវិភាគចំណូល តាមក្រុមទំនិញសំខាន់ៗ តាមប្រភេទពន្ធ និងអាករ និងនិន្នាការនៃការប្រែប្រួល ដែលលទ្ធផល នៃការវិភាគនេះ អាចប្រើប្រាស់សម្រាប់ តាមដាន និងគ្រប់គ្រងពង្រឹងការប្រមូលចំណូលថែមទៀត។ លទ្ធផលល្អនៃការប្រមូលពន្ធ និងអាករចូលថវិកាជាតិ ដែលសម្រេចបានកាន់តែប្រសើរឡើងជាលំដាប់នេះ គឺដោយសារការអនុវត្ត ដោយខ្ជាប់ខ្ចួននូវផែនការ សកម្មភាពការងារ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានរៀបចំឡើង ដោយឈរលើមូលដ្ឋាន យុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលគយកម្ពុជា២០១៤-២០១៨។
ក្រៅពីការងារប្រមូលចំណូលពន្ធ និងអាករចូលថវិកាជាតិ ដែលជាការងារស្នូល លោក គុណ ញឹម បានលើកឡើងអំពីព្រឹត្តការណ៍សំខាន់ៗ ក្នុងខែឧសភាកន្លងមក ដែលក្នុងនោះមានការទទួល និងដឹកនាំ កិច្ចប្រជុំអគ្គនាយកគយ អាស៊ានលើកទី២៥ កាលពីថ្ងៃទី២៤-២៧ខែឧសភាឆ្នាំ២០១៦។ ក្នុងពេលកិច្ចប្រជុំ អគ្គនាយកគយអាស៊ាននោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានឆ្លៀតពេលប្រជុំទ្វេភាគីជាមួយគយថៃ គយវៀតណាម គយឡាវ គយចិន គយកូរ៉េ និងគយជប៉ុនផងដែរ ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមក ក្នុងកិច្ចការគយ៕