អភិបាលខណ្ឌព្រែកព្នៅ ដឹកនាំកម្លាំងចុះសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋឆ្លងកាត់ផ្លូវលេខ៤២ ដែលជន់លិចដោយទឹកភ្លៀង
06-10-2022 22:22
(ភ្នំពេញ)៖ ខណៈភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យជន់លិចកំណាត់ផ្លូវលេខ៤២ តាំងថ្ងៃរហូតមកដល់យប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន បានដឹកនាំអភិបាលរងខណ្ឌ មន្ត្រីរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យដោយផ្ទាល់ និងបានជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ និងអ្នកដំណើរ ដែលឆ្លងកាត់តំបន់លិចទឹក ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ខណៈដឹកនាំកម្លាំងចុះផ្ទាល់ជួយសម្រួលចរាចរណ៍ទាំងយប់ លោក ធឹម សំអាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ទឹកលិចនេះ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពដល់កូនចៅ មើលថែក្មេងតូចៗ និងជនចាស់ជរា។
លោក ធឹម សំអាន ក៏បានអំពាវនាវដល់អ្នកដំណើរ ក៏ដូចពលរដ្ឋ សូមផ្អាកការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវលេខ៤២ ជាបណ្តោះអាសន្ន និងធ្វើដំណើរវាងផ្លូវនេះ រង់ចាំរយៈពេលខ្លី រង់ចាំទឹកស្រកទៅវិញសិន ដោយក្រុមការងារអាជ្ញាធរខណ្ឌ សង្កាត់ កំពុងចាត់វិធានកាយបើកផ្លូវ បង្ហូរទឹកឱ្យលឿនផងដែរ ៕