(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងវិស័យមូលបត្រ ឲ្យបន្តខិតខំ និងសហការគ្នាបន្តទៀត សំដៅបញ្ជ្រាបការយល់ដឹងអំពីទីផ្សារមូលបត្រ នៅក្នុងចំណោមក្រុមហ៊ុនសក្តានុពលនានា ដើម្បីប្រែក្លាយវិស័យមូលបត្រ ទៅជាចលករនៃការអភិវឌ្ឍនវិស័យឯកជន និងសេដ្ឋកិចជាតិទាំងមូល។
ការថ្លែងរបស់លោក អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងឱកាសដែល លោកអញ្ជើញជាអធិបតីភាព ក្នុងសន្និសីទស្តីពី «ទីផ្សារមូលបត្រ៖ ផ្លូវឆ្ពោះទៅរកកំណើតអាជីវកម្ម» ដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោករដ្ឋមន្ត្រីបានថ្លែងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹង ចំពោះវិស័យមូលបត្រនេះ តាមរយៈការចេញនូវវិធានការ លើកទឹកចិត្តផ្នែកពន្ធជាច្រើន សម្រាប់ក្រុមហ៊ុនចុះបញ្ជីមុនឆ្នាំ២០១៨ មានជាអាទិ៍ ការបន្ធូរបន្ថយពន្ធលើប្រាក់ចំណេញចំនួន៥០ភាគរយ និងការព្យួរទុកការបង់ពន្ធ លើផលរបរប្រចាំខែជាដើម ដើម្បីទាក់ទាញ ក្រុមហ៊ុនចុះបញ្ជីបន្ថែមទៀត។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការមូលបត្រកម្ពុជា ក៏បានសម្រួលលក្ខខណ្ឌ បោះផ្សាយជាច្រើនផងដែរ ដើម្បីអនុញ្ញាតឲ្យសហគ្រាសខ្នាតតូច និងមធ្យម អាចចូលរួម និងទទួលផលប្រយោជន៍ពីវិស័យនេះ។
សូមជម្រាបថា ការជួញដូរមូលបត្រនៅកម្ពុជា បានដំណើរការ៤ឆ្នាំមកហើយ ពោលគឺចាប់ពីឆ្នាំ២០១២មក។ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៤ ដែលបានកំពុងបោះផ្សាយ លក់ភាគហ៊ុនរបស់ខ្លួន នៅក្នុងទីផ្សារមូលបត្រកម្ពុជា រួមមាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ហ្គ្រីនធ្វីន, កំពង់ផែស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ៕