(ភ្នំពេញ)៖ ភាគីថៃសន្យាជួយបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាលើផ្នែកបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ឱ្យមានគុណភាពកាន់តែច្រើនបន្ថែមទៀត ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាឱ្យមានវិបុលភាព ស្របតាមការរីកចម្រើនរបស់បច្ចេកវិទ្យាពិភពលោក។
ការសន្យាបែបនេះធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមរវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកសាស្ត្រាចារ្យ Anek Laothamatas រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តថៃ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ដោយពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមលើការអប់រំនិងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការធ្វើបច្ចុប្បន្នភាពលើស្ថានភាពកិច្ចសហប្រតិបត្តិការបច្ចុប្បន្នផង នៅទីស្តីការក្រសួងការងារ។
លោក Anek Laothamatas បានឱ្យដឹងថា ប្រទេសទាំងពីរកម្ពុជា-ថៃមានវប្បធម៌ ទំនៀមទម្លាប់ស្រដៀងគ្នាតាំងពីបុរាណកាលមក។ ដូច្នេះលោកបានដឹកនាំគណៈប្រតិភូប្រមាណ៥០នាក់មកកាន់កម្ពុជាសាជាថ្មីនេះមកចងសម្ពន្ធភាពជាមួយក្រសួង/ស្ថាប័នមួយចំនួនរបស់កម្ពុជា ដើម្បីឱ្យក្រសួង/ស្ថាប័ននៃប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំបន្ថែមមួយកម្រិតទៀត។
ឆ្លៀតក្នុងឱកាសនេះដែរ លោក អ៉ិត សំហេង ក៏បានសំណូមពរឱ្យភាគីថៃជួយក្នុងការពង្រឹងប្រព័ន្ធឌីជីថលសម្រាប់អភិបាលកិច្ច និងរដ្ឋបាលផ្នែកបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកកម្ពស់ការផ្សព្វផ្សាយជំរុញការចុះឈ្មោះចូលរៀនបច្ចេកទេសនិងវិជ្ជាជីវៈ ក៏ដូចជាលើកកម្ពស់ការស្រាវជ្រាវ និងនវានវត្តផ្នែកបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ តាមរយេៈការជំរុញឱ្យមានទស្សនកិច្ចសិក្សារវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក Anek Laothamatas ក៏បានស្វាគមន៍ចំពោះការបើកឱ្យមានទស្សនកិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធន៍របស់គណៈប្រតិភូកម្ពុជានៅវិទ្យាស្ថានល្បីចំនួនបីនៅប្រទេសថៃ ដែលមានជំនាញបណ្តុះបណ្តាលលើផ្នែកវិស្វកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ គាំទ្រការវិនិយោគ និងលើកកម្ពស់សមត្ថភាពឧស្សាហកម្មជាដើម។
លោក អ៉ិត សំហេង បានអរគុណដល់ភាគីថៃដែលបានផ្តល់ការគាំទ្រ និងជួយកម្ពុជាលើផ្នែកបណ្តុះបណ្តាលធនធានមនុស្សនេះ ហើយលោកនឹងជ្រើសរើសពេលវេលាសមរម្យណាមួយ ដើម្បីរៀបចំគណៈប្រតិភូដែលមានជំនាញតាក់តែងគោលនយោបាយផ្នែកបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ បានទៅសិក្សាស្វែងយល់បន្ថែមទៀតទៅលើវិទ្យាស្ថានធំៗទាំងបីតបតាមការអញ្ជើញពីសំណាក់ភាគីថៃ។
គួរបញ្ជាក់ថា ក្រុមការងារបច្ចេកទេសជាន់ខ្ពស់នៃភាគីទាំងពីរបានពិភាក្សាគ្នាក្នុងកិច្ចប្រជុំដាច់ដោយឡែកលម្អិតលើការផ្តល់អាហារូបករណ៍ (ដែលជាលទ្ធផលនៃកិច្ចពិភាក្សាគ្នាលើកមុនកាលពីថ្ងៃទី៥ ខែសីហា ២០២២) ដើម្បី៖
* កំណត់ពីតម្រូវការអភិវឌ្ឍធនធានមនុស្សរវាងភាគីទាំងពីរ។
* រួមគ្នាកំណត់ពីវិធីសាស្ត្រក្នុងការបែងចែកអាហាររូបករណ៍ និងចំនួនអាហាររូបករណ៍សរុបដែលនឹងផ្តល់ឱ្យ។
* លើកម្ពស់កិច្ចសហប្រតិបត្តិការអប់រំកម្ពុជា-ថៃ។
* ពិនិត្យមើលលទ្ធភាពក្នុងការបង្កើតអនុស្សរណៈយោគយល់គ្នាកម្ពុជា-ថៃ ទាក់ទងនឹងការផ្តល់អាហារូបករណ៍នេះ។
ចំពោះលទ្ធផលកិច្ចសហការជាមួយភាគីថៃកន្លងមកបានកសាងហេដ្ឋារចនាសម្ពន្ធ អគារ បំពាក់ឧបករណ៍សម្ភារៈ បំប៉នសមត្ថភាពថ្នាក់ដឹកនាំ គ្រូរបស់វិទ្យាស្ថានអភិវឌ្ឍមុខជំនាញកម្ពុជា-ថៃ បានបញ្ជូនមន្ត្រីរាជការថ្នាក់កណ្តាល និងតាមគ្រឹះស្ថាន TVET ទៅបណ្តុះបណ្តាលនៅប្រទេសថៃពីឆ្នាំ២០១៧-២០១៩បានចំនួន១១២នាក់ និងភាគីថៃបានបញ្ជូនគ្រូមកធ្វើការបណ្តុះបណ្តាលដល់គ្រូបច្ចេកទេសនៅតាមគ្រឹះស្ថាន TVET នៅតាមព្រំដែនក្នុងប្រទេសកម្ពុជាពីឆ្នាំ២០១៧-២០១៩បានចំនួន១០០នាក់៕