(ភ្នំពេញ)៖ តាមការគ្រោងទុកនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកបើកសវនាការប្រកាសសាលក្រមលើសំណុំរឿងរបស់លោក សុន ឆៃ អនុប្រធានគណបក្សភ្លើងទៀន ដែលត្រូវបានប្តឹងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)។

មន្ត្រីតុលាការ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅថ្ងៃស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បន្តជំនុះជម្រះលោក សុន ឆ័យ លើបណ្តឹងគណបក្សប្រជាជនកម្ពុជាផងដែរ។

សូមជម្រាបថា បន្ទាប់ពីបានបើកសវនាការសួរដេញដោលលើជនជាប់ចោទ សុន ឆ័យ ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ពាក់ព័ន្ធនឹងការចោទថា «លួចសន្លឹកឆ្នោត» អស់រយៈពេល ១ព្រឹក នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ តុលាការបានសម្រេចលើកពេលប្រកាសសាលក្រម ទៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។

លោក គី តិច មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា តាមការគ្រោងទុក តុលាការបើកសវនាការលើ ២សំណុំរឿង របស់លោក សុន ឆ័យ នៅទី២៩ ខែកញ្ញា ឆ្នាំ២០២២ ដោយក្នុងនោះមានសំណុំរឿងទី១ គឺសំណុំរឿងបរិហារកេរ្តិ៍បណ្តឹងដោយ គជប និងសំណុំរឿងមួយទៀត ប្តឹងដោយគណបក្សប្រជាជនកម្ពុជា។

ប៉ុន្តែបន្ទាប់ពីសវនាការដេញដោលលើសំណុំរឿងទី១ តាំងពីព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ តុលាការបានសម្រេចលើកយកសំណុំរឿងទី២ ទៅជំនុំជម្រះ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ខណៈថ្ងៃដដែល ត្រូវប្រកាសសាលក្រមសំណុំរឿងទី១។ ការសម្រេចរបស់តុលាការនេះ ធ្វើឡើងបន្ទាប់ពីមានសំណើសុំលើកពេលរបស់ ជនជាប់ចោទ សុន ឆ័យ និងមេធាវីការពារសិទ្ធ ។ នេះបើតាមការបញ្ជាក់របស់ លោក គី តិច មេធាវីរបស់គណបក្សប្រជាជនកម្ពុជា ។

លោក សុន ឆ័យ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» តាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងការបរិយាយតាមសារព័ត៌មានដោយចោទថា លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ មានការលួចបន្លំសន្លឹកឆ្នោត។

ក្នុងពាក្យបណ្តឹងដែលបានដាក់ចូលទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោក គី តិច បានប្តឹងថា ការចោទប្រកាន់ដោយគ្មានភស្តុតាងរបស់លោកសុន ឆ័យ ក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានមួយចំនួនកន្លងមកនោះ គឺជាអំពើទុច្ចរិត, បំភ្លៃខុសពីការពិត ជាការផ្តល់ព័ត៌មានក្លែងក្លែង ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត លើគណបក្សប្រជាជនកម្ពុជា ។

លោកមេធាវី គី តិច បានស្នើសុំឱ្យព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ សុន ឆ័យ តាមបញ្ញត្តិច្បាប់ និងទាមទារសងសំណងជំងឺចិត្តនៃការខូចខាតជូនគណបក្សប្រជាជនកម្ពុជា ៤ពាន់លានរៀល ។

ចំណែក ពាក្យបណ្តឹងរបស់ គ.ជ.បវិញ គឺគ.ជ.ប បានស្នើឲ្យតុលាការផ្ដន្ទាទោសឈ្មោះ សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងទាមទារឱ្យឈ្មោះ សុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ៕