(ភ្នំពេញ)៖ ទណ្ឌិតសរុបចំនួន ៦៨៣នាក់ បានដាក់ពាក្យស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ។ នេះបើតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិត្រួតពិនិត្យការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យ និងសម្រេច លើបញ្ជីឈ្មោះទណ្ឌិត ដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ខាងមុខនេះ។
លោក គឹម សន្តិភាព បានបញ្ជាក់ថា «គណៈកម្មការថ្នាក់ជាតិបានទទួលសំណុំឯកសារពីបណ្តាពន្ធនាគាររាជធានី-ខេត្ត ចំនួន២០ និងមណ្ឌលអប់រំកែប្រែទាំង៤ ដែលបានស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោសដល់ ទណ្ឌិតសរុបចំនួន ៦៨៣នាក់ (ស្រី ៦៤ នាក់) ដែលក្នុងនោះស្នើសុំបន្ធូរបន្ថយទោស ចំនួន ៦២៦នាក់ (ស្រី ៥៥ នាក់) និងស្នើសុំលើកលែងទោស ចំនួន ៥៧នាក់ (ស្រី ០៩ នាក់)»។
កិច្ចប្រជុំកិច្ចរបស់គណៈកម្មការថ្នាក់ជាតិ បានពិនិត្យបញ្ចប់ជាស្ថាពរលើបញ្ជីសរុប នៅព្រឹកថ្ងៃដដែលនេះ ហើយកំពុងបន្តរៀបចំសំណុំឯកសារគោរពស្នើសុំការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីទូលថ្វាយព្រះមហាក្សត្រ ផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិត តាមលទ្ធផលនៃកិច្ចប្រជុំ។
សូមជម្រាបថា ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត មានចំនួន ៥ដង ក្នុង១ឆ្នាំៗ រួមមាន៖
១៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
២៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
៣៖ ពិធីបុណ្យវិសាខបូជា
៤៖ ពិធីបុណ្យឯករាជ្យជាតិ
៥៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
ការបន្ធូរបន្ថយទោស និងលើកលែងទោស ក៏អាចធ្វើផងដែរក្នុងពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ។ លើសពីនេះទៀត ការបន្ធូរបន្ថយទោស និងការលើកលែងទោស ក៏អាចធ្វើសម្រាប់ពិធីបុណ្យនីមួយៗខាងលើ ឬដាច់ដោយឡែកពីគ្នា ឬរួមគ្នា៕