(ភ្នំពេញ)៖ ក្រុមបាល់ទាត់គោព្រៃកម្ពុជា បានយកឈ្នះក្រុមភ្ញៀវឆាយនីសតៃប៉ិ (Chinese Taipei) ដោយលទ្ធផលបច្ចេកទេស ២-០ ក្នុងជើងទី២ នៅពីមុខអ្នកទស្សនាប្រមាណជាង ៦ម៉ឹននាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិកនារាត្រី ថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០១៦។
នេះជាការបន្តប្រវត្តិលេងមិនចាញ់ក្រុមស្ថិតក្នុងទ្វីបអាស៊ីដូចគ្នា ឆាយនីសតៃប៉ិ ដែលគ្រាប់ទី១ រកបានពីការតែតបញ្ចូលទីដោយកីឡាករ ហុង ផេង នៅនាទីទី៦ ក្រោយពីទទួលបាល់ពីមិត្តរួមក្រុម ចាន់ វឌ្ឍនាកា និងបន្ថែមគ្រាប់ទី២ ដោយបាល់ប៉េណាល់ទីរបស់កីឡាករ ប្រាក់ មុន្នីឧត្តម នៅនាទីទី៦០ ក្នុងវគ្គទី២ ។
ការទទួលជ័យជំនះដោយលទ្ធផល ៤-២ ទាំងពីរជើងនេះដែរ កម្ពុជា បានឡើងទៅជុំទី២ នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 ដោយស្វ័យប្រវត្តិហើយ ដោយត្រូវរង់ចាំចាប់ពូលប្រកួតបន្តទៀតក្នុងខែតុលា ឆ្នាំ២០១៦ ខាងមុខ និងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភទឹកប្រាក់ចំនួន ៣៣,០០០ដុល្លារ ដល់មន្រ្តី និងកីឡាករ ទាំង៣៣រូប ដោយក្នុងម្នាក់ទទួលបាន ១០០០ដុល្លារអាមេរិក នេះយោងតាមលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច។ ជាងនេះទៅទៀត ក្រុមហ៊ុនភេសជ្ជៈ ZEUS ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តក្រុមជម្រើសជាតិកម្ពុជាចំនួន ៥០លានរៀលផងដែរ៕