(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសរំលេចថា កម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសកល បើទោះបីកម្ពុជា ជាប្រទេសតូច និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចក៏ដោយនោះ។ ដើម្បីចូលរួមដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុសកលនេះ កម្ពុជា បានបង្កើនថវិកាជាតិចំនួន ៣ដង សម្រាប់សកម្មភាពពាក់ព័ន្ធការទប់ទល់ការប្រែប្រួលអាកាសធាតុ និង បានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នប្រមាណ ៤២ភាគរយ នៅត្រឹមឆ្នាំ ២០៣០។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចបែបនេះក្នុងពេលថ្លែងសុន្ទរកថាបើកបើកសន្និសីទគណបក្សអន្តរជាតិ តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២នេះ។ សន្និសីទគណបក្សអន្តរជាតិ ត្រូវបានបើកធ្វើដោយផ្ទាល់នៅក្នុងប្រទេសរុស្ស៉ី ក្រោមប្រធានបទ «គោលនយោបាយបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព»។ សន្និសីទនេះ មានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំគណបក្សនយោបាយនានានៅលើសកលលោក ក្នុងទម្រង់កូនកាត់ ដោយមានអ្នកចូលរួមផ្ទាល់ និងតាមអនឡាញ។
សន្និសីទនេះធ្វើឡើង ដើម្បីផ្លាស់ប្ដូរទស្សនៈ និងបទពិសោធពាក់ព័ន្ធបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏ធំរបស់មនុស្សជាតិ ។
សម្តេចតេជោប្រមុខបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ក្នុងស្ថានភាពពិភពលោកមានបញ្ហាប្រឈមជាច្រើន គណបក្សនយោបាយទាំងអស់ ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាធានាបាននូវការលើកកម្ពស់ជីវភាព, សុខុមាលភាព និងវិបុលភាពរបស់ប្រជាពលរដ្ឋ និងភពផែនដីទាំងមូលផងដែរ។
ក្នុងសុន្ទរកថាស្តីពីបញ្ហាបិរស្ថាននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវកិច្ចប្រឹងប្រែងរបស់កម្ពុជាលើកិច្ចការពារបរិស្ថានផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា ក្រោយទទួលបានសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ, កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយដៃម្ខាងខិតខំធ្វើការកែទម្រង់រដ្ឋយ៉ាងមុតស្រួចជាបន្តបន្ទាប់ តាមរយៈការរៀបចំ និងកែលម្អក្របខណ្ឌច្បាប់, គោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ហើយដៃម្ខាងទៀតខិតខំការពារបរិស្ថាន, អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និងលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋានឱ្យមានភាពរឹងមាំ និងភាពធន់។
សម្តេចតេជោបន្ថែមថា ដោយសារកំណើនសេដ្ឋកិច្ចខ្ពស់ កម្ពុជាបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ហើយនឹងបន្តឈានទៅសម្រេចឱ្យបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានខិតខំបង្កើនការចូលរួមជាលំដាប់ ក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថានសកល រាប់ទាំងការប្រែប្រួលអាកាសធាតុ ស្របតាមគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន»។
សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា «ជាការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ កម្ពុជា ថ្វីដ្បិតតែជាប្រទេសតូច និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច ប៉ុន្តែកម្ពុជានៅតែប្តេជ្ញាចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុរបស់សកល ដោយបានបង្កើនថវិកាជាតិចំនួន ៣ដង សម្រាប់សកម្មភាពពាក់ព័ន្ធនឹងការទប់ទល់ការប្រែប្រួលអាកាសធាតុ និង បានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នប្រមាណ ៤២ភាគរយ នៅត្រឹមឆ្នាំ ២០៣០»។
សម្តេចតេជោ បានលើកបង្ហាញពីកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងកិច្ចគាំពារបរិស្ថាននេះទៀតថា «កម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់រយៈពេលវែងប្រកប ដោយអព្យាក្រិតកាបូន ដើម្បីជំរុញសេដ្ឋកិច្ចបៃតង ដែលធន់នឹងអាកាសធាតុ ជាមួយនឹងការបញ្ចេញកាបូនតិចផងដែរ។ កម្ពុជាក៏បានកំណត់ផងដែរ ការអភិវឌ្ឍបៃតង និងការទប់ទល់ការប្រែប្រួលអាកាសធាតុជាសមាសភាពដ៏សំខាន់នៃការកសាងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងបានកំណត់ក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់វិនិយោគថ្មី នូវការលើកទឹកចិត្តដល់ការវិនិយោគថាមពលបៃតង សេដ្ឋកិច្ចចក និងកិច្ចការពារបរិស្ថាន»។
ប្រមុខគណបក្សប្រជាជនកម្ពុជា បានទាញចំណាប់អារម្មណ៍បណ្តាមេដឹកនាំបក្សនយោបាយនានាថា បញ្ហាបរិសា្ថនមិនស្គាល់ព្រំដែនប្រទេសឡើយ ហេតុនេះមានតែកិច្ចសហប្រតិបត្តិការ និងសាមគ្គីអន្តរជាតិជាធ្លុងមួយប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាប្រឈមបរិស្ថានសកលដោយប្រសិទ្ធភាព និងជួយសង្គ្រោះភពផែនដីយើងពីគ្រោះមហន្តរាយទាំងឡាយ សម្រាប់ជនានុជនរបស់យើងជារៀងដរាបតទៅ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការជឿជាក់ថា ប្រទេសនានាលើពិភពលោកពិតជាអាចរួមគ្នាដោះស្រាយបញ្ហាបរិស្ថាន ជាពិសេសការបម្រែបម្រួលអាកាសធាតុនេះបាន តាមរយៈសាមគ្គីភាព និងកិច្ចសហការ ដែលមានជាឧទាហរណ៍ដូចជាការអនុវត្តពិធីសារម៉ុងរ៉េអាល់ ដែលបានកាត់បន្ថយ និងឈានទៅលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន។
សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ខ្ញុំយល់ថា យើងត្រូវបន្តលើកកិច្ចសហប្រតិបត្តិការ និងសាមគ្គីអន្តរជាតិទាំងទ្វេភាគី និងពហុភាគី ដោយទុកភាពខុសគ្នាផ្នែកប្រព័ន្ធដឹកនាំ, នយោបាយ, វប្បធម៌ និងជំនឿសាសនាដោយឡែក។ ការគាំទ្រហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យាពីប្រទេសអភិវឌ្ឍដល់ប្រទេសកំពុងអភិវឌ្ឍ គឺជាប្រការចាំបាច់ ដើម្បីចូលរួមដោះស្រាយបញ្ហាបរិស្ថានសកល ឱ្យកាន់តែសកម្ម និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ យើងក៏គួរផ្តោតជាសំខាន់ផងដែរ លើការកសាង និងការធ្វើសមាហរណកម្មធនធានមនុស្ស តាមរយៈការចែករំលែកចំណេះដឹងអំពីការដោះស្រាយបញ្ហាបរិស្ថាន និងកម្មវិធីទស្សនកិច្ចសិក្សាជាដើម ដើម្បីឆ្លើយតបទៅនឹងភាពបន្ទាន់នៃបញ្ហាបរិស្ថានសកល»។
សម្តេចតេជោ បានបង្ហាញការប្តេជ្ញារបស់កម្ពុជាក្នុងអង្គសន្និសីទនោះថា កម្ពុជាត្រៀមខ្លួនជាស្រេច ហើយត្រូវការដៃគូទាំងសាធារណៈ និងឯកជន ដើម្បីជួយសម្រេចឱ្យបាននូវការប្ដេជ្ញាចិត្តឆ្លើយតបនឹងបញ្ហាបរិស្ថាន ក៏ដូចជាការបម្រែបម្រួលអាកាសធាតុ៕