(កំពង់ឆ្នាំង)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងរបស់លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ជំនួសលោក ថោង ចំរើន ដែលបានតែងតាំងជាទីប្រឹក្សាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាវិញ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងជំរុញថា ប្រធានមន្ទីរត្រូវអនុវត្តការងារឲ្យចំគោលដៅរបស់ក្រសួង ពិសេសធ្វើជាសេនាធិការឲ្យខេត្ត ដោយត្រូវសហការធ្វើការងារជាមួយអាជ្ញាធរក្រុង ស្រុក ភូមិ ឃុំ និងមន្ទីរពាក់ព័ន្ធនានា ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឲ្យចំគោលដៅ របស់ប្រមុខរាជរដ្ឋាភិបាល។ ថ្នាក់ដឹកនាំមន្ទីរត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានការសហការល្អជាមួយមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រោះកាលណាមានទំនាក់ទំនងល្អហើយនោះ រាល់ការងារអ្វីៗ នឹងធ្វើទៅទទួលបានជោគជ័យ។
លោកបន្ថែមដែរថា សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់គិតគូរប្រជាពលរដ្ឋយ៉ាងខ្លាំង។ ជាក់ស្ដែងការរកវ៉ាក់សាំងកូវីដ១៩ របស់សម្តេច ដើម្បីចាក់ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា ដោយមិនរើសអើងពូជសាសន៍ ដែលទោះបីប្រទេសអ្នកមានក៏ធ្វើមិនបានដូចសម្ដេចដែរ និងការផ្ដល់ជូនថវិកាជួយដល់កុមារអាយុក្រោម២ឆ្នាំ ស្ត្រីមានផ្ទៃពោះ និងបើកសាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។
លោករដ្ឋមន្ត្រីបន្តថា នេះគឺជាគោលនយោបាយដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកច ម្រើនលើគ្រប់វិស័យ នៅក្រោមម្លប់សន្តិភាព។
នៅក្នុងពិធីនេះដែរលោក ឈាង ចន្ធី បានធ្វើការប្តេជ្ញាចិត្តថា នឹងស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងស្មោះត្រង់ចំពោះតួនាទីភារកិច្ច ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ដោយខិតខំយកចិត្តទុកដាក់រៀនសូត្រ រាល់បទពិសោធន៍ល្អៗ ដើម្បីបង្កើនសមត្ថភាពបង្កើនចំណេះដឹង គ្រប់គ្រងដឹកនាំការងារ ក្នុងអង្គភាពប្រកបដោយវិជ្ជាជីវៈ មានតម្លាភាព និងមានប្រសិទ្ធភាពផងដែរ៕