(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជំរាបជូនប្រជាពលរដ្ឋស្ថិតនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រាថា នៅចំពោះមុខលោកចាត់មន្ត្រី រៀបចំដាក់ម៉ាស៊ីនប៉ូមទឹក ដើម្បីប៉ូមទឹកចេញពីតំបន់កំពុងជន់លិចនេះ។
ការថ្លែងអះអាងយ៉ាងម៉ឺងម៉ាត់បែបនេះ នៅវេលាម៉ោង ១១៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ខណៈលោកបានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពលំនៅដ្ឋានប្រជាពលរដ្ឋ ដែលទទួលរងការជន់លិចដោយសារភ្លៀង ស្ថិតនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ខណៈលោកចុះដើរលុយទឹកលិច តាមខ្នងផ្ទះប្រជាពលរដ្ឋ នីមួយៗ លោកអភិបាលក៏បានប្រាប់ប្រជាពលរដ្ឋថា ក្រុមការងារបានដាក់ចេញនូវគម្រោងសាងសង់ប្រព័ន្ធលូ១ខ្សែ ប្រវែង៦០០ ម៉ែត្រ មុខកាត់៦តឹក ជូនប្រជាពលរដ្ឋ ដើម្បីជួយការពារតំបន់ហ្នឹង កុំឲ្យទទួលរងការជន់លិចទៀត៕