(កោះកុង)៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ លោក រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងលោកបណ្ឌិត សំឃិត វៀន អភិបាលខេត្តស្តីទីខេត្តកោះកុង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៥០ គ្រួសារ និងផ្ទះចំនួន១៤ខ្នង នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
អំណោយខាងលើនេះ ទទួលបានពីមូលនិធី អង្គម្ចាស់ ម៉ូហាំម៉ាត់រ៉ាសេត ពិនសាយិត អាល់មឹកទូម សម្រាប់ការងារសប្បុរសធម៌ និងមនុស្សាធម៌ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម តាមរយៈអង្គការមូលនិធិអាស៊ាន ដេីម្បីការអប់រំ និងអភិវឌ្ឍន៍។
ពិធីនេះក៏មានការចូលរួមពី លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោក ប្រាក់ វិចិត្រ អភិបាលក្រុងខេមរភូមិន្ទ ទីប្រឹក្សារាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ អនុប្រធានប្រចាំការគណៈចលនាសាសនិកឥស្លាមខេត្ត តំណាងគណៈអ៉ីម៊ាំខេត្ត លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ប្រធានមន្ទីរការងារខេត្ត និងប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាផងដែរ។
បន្ទាប់ការលើកឡើងពីសំណាក់ លោកបណ្ឌិត សំឃិត វៀន អភិបាលខេត្តស្តីទីខេត្តកោះកុង អំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល លោក រ៉ូហ្វី អូស្មាន ក៏បាននាំនូវសេចក្តីនឹករលឹក ពីសំណាក់ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ។
លោក រ៉ូហ្វី អូស្មាន បានលើកឡើងថា ដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទេីបធ្វើឲ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ និងវិស័យផ្សេងៗជាច្រើនទៀត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ឱកាសដល់សាសនិកឥស្លាមទូទាំងប្រទេស នូវគ្រូក្របខណ្ឌខ្មែរឥស្លាម ចំនួន១,៥០០នាក់ និងរៀបចំឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម ចូលរួមបម្រើការងារជាមួយរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីបម្រើការងារ និងដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋ។
ក្នុងនាមខ្មែរឥស្លាម ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស សូមដឹងគុណដ៏សែនថ្លៃថ្លានេះ ហើយនឹងគាំទ្រសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យដឹកនាំប្រទេសកម្ពុជាជារៀងរហូត ដើម្បីទទួលបានសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត។
សូមជម្រាបថា អំណោយដែលបានចែកដល់បងប្អូនខ្មែរឥស្លាមចំនួន២៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៤០គីឡូក្រាម ស្ករស ០.៥គីឡូក្រាម ប្រេងឆា១ដប ប៊ីចេង១កញ្ចប់ ទឹកត្រី១ដប ដែលចំណាយជាថវិកាសរុបសម្រាប់ ២៥០កញ្ចប់ និងផ្ទះ១៤ខ្នង ដែលចំណាយថវិកាសរុបចំនួន៣២,៤៥០ដុល្លារ៕