(ពោធិ៍សាត់)៖ មន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្តច្បាប់ នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់សរុប៨៥រូប បានទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីចូលរួមប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលពន្លាតចេញពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងារប្រឆាំងការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន ដែលបានចូលរួមជាអធិបតីក្នុងពិធីបណ្តុះបណ្តាលកាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំ នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្ស ជាមន្ត្រីនគរបាលយុត្តិធម៌ បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ដើម្បីពង្រឹងប្រសិទ្ធភាព ក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ និងយកចិត្តទុកដាក់លើការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងហិញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដែលកើតចេញពីបទល្មើសធនធានធម្មជាតិដែលជាបទល្មើសដើម។

លោក នេត្រ ភក្ត្រា បានថ្លែងថា ការបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងក្របខណ្ឌដែន សមត្ថកិច្ចក្រសួងបរិស្ថាន ជាផ្នែកមួយនៃការពង្រឹងយន្តការ និងប្រព័ន្ធការងារអចិន្ត្រៃយ៍របស់ក្រសួង ក្នុងការចូលរួមជាមួយស្ថាប័នអង្គភាពពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការប្រឆាំងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម និងប្រឆាំងហិរញ្ញប្បទាននាំឱ្យរីកសាយភាយអាវុធមហាប្រល័យ។

រដ្ឋលេខាធិការបានលើកឡើងថា «កិច្ចការប្រឆាំងការសម្អាតប្រាក់ជាការងារដ៏សំខាន់ ដែលត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួនដើរដំណាលគ្នាជាមួយការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថានបាន ចូលរួមយ៉ាងសកម្មជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងដកកម្ពុជាចេញពីបញ្ជីប្រផេះ»

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្តច្បាប់ នៃក្រសួងបរិស្ថានជាប្រតិបត្តិករមួយយ៉ាងសំខាន់ ចូលរួមជាមួយស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តច្បាប់ប្រឆាំងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងច្បាប់ស្តីពីការប្រឆាំងនឹងហិរញ្ញប្បទានដល់ការរីកសាភាយអាវុធមហាប្រល័យ។

ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ក្រសួងបរិស្ថានបានបង្កើតក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងការរៀបចំស្តង់ដារប្រតិបត្តិសម្រាប់មន្ត្រីនគរបាលយុត្តិធម៌របស់ខ្លួនអនុវត្ត។ លោកបានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលជាបន្តបន្ទាប់ ដល់មន្ត្រីនគរបាលយុត្តិធម៌ជាការពង្រឹងសមត្ថភាពធនធានមនុស្សរបស់ក្រសួងបរិស្ថាន ដែលជាផ្នែកមួយនៃការពង្រឹងយន្តការការងារ និងប្រព័ន្ធការងារក្នុងការប្រឆាំងការសម្អាតប្រាក់ដែលធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការ អនុវត្តការងារ ប្រឆាំងការសម្អាតប្រាក់ក្នុងក្របខណ្ឌក្រសួងបរិស្ថាន។

មន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្តច្បាប់ដែលចូលរួមវគ្គបណ្តុះបណ្តាលបានទទួលនូវចំណេះដឹងនិងបទពិសោធក៏ដូចជា នីតិវិធីបំពេញការងារក្នុងការប្រឆាំងការសម្អាតប្រាក់ពីមន្ត្រីជំនាញ នៃក្រុមការងារប្រឆាំងការសម្អាតប្រាក់ របស់ក្រសួងបរិស្ថាន។ លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានជម្រាបថា មន្ត្រីនគរបាលយុត្តិធម៌នឹងត្រូវពន្លាតលើបទល្មើសនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងករណីរកឃើញថា បទល្មើសដើមនៃបទល្មើសព្រៃឈើ និងបទល្មើសត្វព្រៃខុសច្បាប់មានតម្រុយពាក់ព័ន្ធនឹងការសម្អាតប្រាក់។

លោក នេត្រ ភក្ត្រា បានលើកឡើងថា បច្ចុប្បន្ននេះ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ នៅមានបទល្មើសទ្រង់ទ្រាយតូច ដែលមន្ត្រីជំនាញជាពិសេសមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បន្តទប់ស្កាត់ និងបង្ក្រាបជាប្រចាំ។

លោកថា ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តវិធានការច្បាប់ផង និងវិធានការសេដ្ឋកិច្ចផងដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិក្នុងនោះបានជំរុញ និងគាំទ្រទាំងបច្ចេកទេស និងធនធានដល់ប្រជាសហគមន៍ ពង្រឹងការដាំដុះ និងចិញ្ចឹមសត្វសម្រាប់ធ្វើការផ្គត់ផ្គង់គ្រួសារ និងធ្វើការនាំចេញនៅហ្នឹងកន្លែង ដើម្បីបម្រើដល់វិស័យទេសចរណ៍ និងជួយជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការបានថ្លែងថា «បច្ចុប្បន្ននជគឺជារបត់ថ្មីដ៏សំខាន់មួយដែលកម្ពុជាយើងពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានទទួលចំណូលពីការអភិរក្សរបស់ខ្លួន និងបាននិងកំពុងលុប បំបាត់ទស្សនៈថា ទាល់តែកាប់ព្រៃឈើទើបបានប្រាក់ចំណូលមកជាប្រទេស ដែលទទួលបានប្រាក់ចំណូលពីការពារ និងអភិរក្សព្រៃឈើរបស់ខ្លួន ក្រោមទិសស្លោក «រក្សាឈើឈរដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ»។

រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា កាលដែលកម្ពុជាទទួលបានជោគជ័យលើការលក់ឥណទានកាបូននេះ បានលើកតម្កើងនូវកិត្យានុភាពជាតិកម្ពុជា លើឆាកអន្តរជាតិ ដែលមិនមានប្រទេសច្រើនទេ ក្នុងពិភពលោកអាចធ្វើបាន និងបានទប់ទល់ជាមួយនឹងយុទ្ធនាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាក្នុងរូបភាពថាកម្ពុជាមានបទល្មើសព្រៃឈើច្រើនជាងគេលើពិភពលោក។

ក្រសួងបរិស្ថានមានមន្ត្រីនគរបាល និងមន្ត្រីអនុវត្តច្បាប់សរុបជាង ១៤២២នាក់។ រហូតមកដល់ពេលនេះ ខេត្តដែលមានតំបន់ការពារធម្មជាតិចំនួន១៦ហើយ ដែលមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់របស់ក្រសួង បរិស្ថានសរុបចំនួនជាង ៩០០រូប ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មក្នុងបទល្មើសធនធានធម្មជាតិពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងបទល្មើសជួញដូរសត្វព្រៃខុសច្បាប់៕