(កណ្ដាល)៖ រយៈពេលពេញ១ខែកញ្ញា ឆ្នាំ២០២២ កម្លាំងនគរបាលខេត្តកណ្ដាល បានបង្ក្រាបបទល្មើសគ្រប់ប្រភេទចំនួន៥៤ករណី។ នេះបើតាមរបាយការណ៍ ដែលភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល ទទួលបាន។

សម្រាប់បទល្មើសទាំងនោះរួមមាន៖

*ទី១៖ បង្ក្រាបបទល្មើសព្រហ្មទណ្ឌមានចំនួន ៧ករណី ដោយចាប់បានជនល្មើសបានចំនួន១០នាក់ ក្នុងនោះ៦នាក់ ប្រព្រឹត្តបទល្មើសឧក្រិដ្ឋចំនួន ៥ករណី និងបទមជ្ឈឹមចំនួន៤នាក់ ដែលប្រព្រឹត្តចំនួន២ករណី។

*ទី២៖ បង្ក្រាបល្បែងស៊ីសងបានចំនួន ៤ករណី ដោយឃាត់ខ្លួន និងអនុវត្តច្បាប់ទៅលើម្ចាស់ទីតាំង១នាក់ ភេទស្រី, ធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ចំនួន៣លើក។

*ទី៣៖ បង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន៤៣ករណី ចាប់ជនល្មើសបានចំនួន ៧១នាក់ ក្នុងនោះបទល្មើសជួញដូរខុសច្បាប់មានចំនួន ១៧ករណី ចាប់ជនល្មើសបានចំនួន៣១នាក់, រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀនចំនួន២៤ករណី ដោយចាប់បានជនល្មើសចំនួន ២៩នាក់, ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ២ករណី ដោយចាប់ជនល្មើសបានចំនួន៣នាក់, អនុវត្តតាមដីកាចំនួន ៨ករណី ចាប់ជនល្មើសបាន៨នាក់។ ករណីបង្ក្រាបគ្រឿងញៀន នគរបាលប្រមូលបានថ្នាំប្រភេទមេតំហ្វេតាមីនចំនួន ១២៧កញ្ចប់ ទម្ងន់១៣០,៤៨ក្រាម ម៉ូតូ២៦គ្រឿង ទូរស័ព្ទ ២៨គ្រឿង ជញ្ជីងថ្លឹង២គ្រឿង អាវុធកែច្នៃ១ដើម និងសម្ភារវេចខ្ចប់មួយចំនួនផ្សេងទៀត។

*ទី៤៖ សភាពការណ៍សណ្ដាប់ធ្នាប់សង្គម រកឃើញគ្រោះថ្នាក់ចំនួន ៣៥ករណី ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ចំនួន១១ករណី ស្លាប់ចំនួន៨នាក់, គ្រោះថ្នាក់សង្គមមានចំនួន២៤ករណី បណ្ដាលឱ្យមនុស្សស្លាប់ចំនួន១៤នាក់ ដោយករណីអត្តឃាតចំនួន ៥ករណី ស្លាប់៥នាក់ ខ្យល់គ២ករណី ស្លាប់២នាក់ លង់ទឹក២ករណី ស្លាប់២នាក់ អគ្គិភ័យ១០ករណី ឆក់ចរន្តអគ្គិសនី៤ករណី ស្លាប់៤នាក់ និងរលំរបងដែកសង្កត់១លើក ស្លាប់១នាក់។

គួរជម្រាបថា សកម្មភាពរបស់នគរបាលខេត្តកណ្ដាល ក្រោមការដឹនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ត្រូវបានប្រជាពលរដ្ឋកោតសរសើរ ដែលកម្លាំងនគរបាលធ្វើការបានយ៉ាងរហ័ស ប្រកបដោយយុត្តិធម៌ និងសុជីវធម៌ ក្នុងនោះដែរប្រជាពលរដ្ឋក៏ស្នើសុំចំពោះការរឹតបន្តឹងសន្តិសុខសង្គមឱ្យកាន់តែរឹងមាំជាងនេះ ដើម្បីសុខសុវត្ថិភាពរឹតតែល្អឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ៕