(ភ្នំពេញ)៖ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជាហើយ នៅវេលាម៉ោង២រសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ។
លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជា នៅម៉ោងជាង១៖៣០នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ទស្សនកិច្ចលើករបស់ នាយករដ្ឋមន្ត្រីគុយបាមកកាន់កម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក៏ធ្វើឡើងប្រមាណ២សប្តាហ៍បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចផ្លូវការជាលើកទី២ នៅក្នុងប្រទេសគុយបាផងដែរ។
អំឡុងទស្សនកិច្ចនៅកម្ពុជា លោកនាយករដ្ឋមន្ត្រីគុយបា បានចូលបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ នៅមណ្ឌបព្រះបរមរតនកោដ្ឋ។ លោកបានជួបពិភាក្សាទ្វេភាគីជាមួយ សម្ដេចតេជោ ហ៊ុន សែន ជាមួយនឹងការអញ្ជើញជាអធិបតីរួមគ្នា ក្នុងការចុះហត្ថលេខាលើឯកសារចំនួន២។ ក្រៅពីនោះ លោកក៏បានចូលជួបសម្ដែងការគួរសមចំពោះ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជួបសម្ដែងការគួរសមជាមួយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។
លោក ម៉ារ៉េរ៉ូ គ្រុស ជាអតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍គុយបា ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ លោកក្លាយជាមនុស្សដំបូងបំផុតដែលបានកាន់តំណែងនាយករដ្ឋមន្ត្រី ចាប់តាំងពីឆ្នាំ១៩៧៦មក បន្ទាប់ពីលោក ហ្វីដែល កាស្ត្រូ។
ក្រសួងការបរទេសកម្ពុជា បានកត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស បញ្ជាក់ជាថ្មីអំពីទំនាក់ទំនង យូរអង្វែង និងប្រកបដោយមិត្តភាពរវាងកម្ពុជា និងគុយបា ក៏ដូចជានឹងគូសបញ្ជាក់ពីតម្រូវការក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍កាន់តែប្រសើរសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕