(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិ្កការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (KOICA) និងមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីកម្ពុជា (NICC) បានសហការរៀបចំ «កម្មវិធីបង្កើត និងបង្កើនបណ្តាញទំនាក់ទំនងធុរកិច្ចថ្មីលើកទី៣» ឬ «The 3rd NICC Networking Day»។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជំរុញការសន្ទនា បង្កើត និងបង្កើនទំនាក់ទំនងធុរកិច្ចថ្មី ក្នុងចំណោមដៃគូពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៉ី ធុរកិច្ចថ្មី និងសហគ្រិននៅកម្ពុជា។
ភ្ញៀវកិត្តិយសចូលរួមក្នុងកម្មវិធីនេះមានជាង ៦០នាក់ ក្នុងនោះរួមមាន ធុរជន វិនិយោគិន ស្ថាប័នរដ្ឋ និងឯកជន ពាក់ព័ន្ធការវិនិយោគមួយចំនួនផងដែរ។ កម្មវិធីត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង លោក រ៉ូ ហ្យន់ជូន (Rho Hyun Jun) នាយកទីភ្នាក់ងារសហប្រតិបត្តិ្កការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (KOICA)។
លោក រ៉ូ ហ្យន់ជូន បានថ្លែងថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) ត្រូវបានបង្កើតឡើងដើម្បីលើកទឹកចិត្តដល់ការបង្កើត និងការរីកចម្រើននៃធុរកិច្ចថ្មីនៅកម្ពុជា ដែលផ្តោតលើ បច្ចេកវិទ្យានិងធុរកិច្ចថ្មីជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឱ្យមានភាពរឹងមាំ និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ លោក បានបង្ហាញក្តីសង្ឃឹមថា កម្មវិធីបង្កើតនិងបង្កើនបណ្តាញទំនាក់ទំនងធុរកិច្ចថ្មីនេះ នឹងក្លាយទៅជាស្ពានសម្រាប់ភ្ញៀវកិត្តិយស អាចស្វែងរកកិច្ចសហការ និងកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ដើម្បីធ្វើការរួមគ្នានាពេលអនាគត។
លោកស្រីបណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរង តំណាងលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងថា អគាររបស់មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា នឹងលេចចេញជារូបរាងនៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ហើយបើទោះបីជាអគាររបស់មជ្ឈមណ្ឌលមិនទាន់សាងសង់រួចរាល់ក៏ដោយ ក៏ក្រុមការងារមជ្ឈមណ្ឌលនៅតែបានបន្តរៀបចំសកម្មភាពសំខាន់ៗ មួយចំនួនផងដែរ ដោយសម្រេចបានលទ្ធផលល្អគួរឲ្យកត់សម្គាល់។ លោកស្រីបណ្ឌិត បានថ្លែងអំណរគុណចំពោះ KOICA, មជ្ឈមណ្ឌលផលិតភាពកូរ៉េ (KPC) និង NICC ដែលបានគាំទ្រ និងខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីបង្កើតឲ្យបានលទ្ធផលទាំងនេះឡើង។
លោកបណ្ឌិត អ៊ុម រម្យណី បានថ្លែងអំណរគុណដល់ប្រជាជន និងសាធារណរដ្ឋកូរ៉េ ដែលបានជួយបង្កើតប្រព័ន្ធអេកូឡូស៊ីនៃការបណ្តុះធុរកិច្ចថ្មី រវាងសាកលវិទ្យាល័យ និងឧស្សាហកម្មនៅកម្ពុជា។ លោកបានបន្ថែមថា អ្វីដែលខាងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានធ្វើគឺសមស្របទៅតាម ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងត្រៀមខ្លួនក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ហើយធុរកិច្ចឌីជីថលជាផ្នែកមួយនៅក្នុងទិសដៅអភិវឌ្ឍផងដែរ។
លោកបណ្ឌិត ក៏បានថ្លែងអំណរគុណជាថ្មីម្តងទៀត និងបានសំណូមពរឱ្យសាធារណរដ្ឋកូរ៉េតាមរយៈ KOICA បន្តសហការ និងជួយកម្ពុជាលើគ្រប់វិស័យទៀត ដើម្បីឱ្យកម្ពុជាសម្រេចបានទៅផែនការកំណើនសេដ្ឋកិច្ចឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកបណ្ឌិត ស្រ៊ុន សុវិឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា បានលើកឡើងថា អគាររបស់មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា និងសកម្មភាពផ្សេងៗដែល ក្រុមការងារ NICC បានរៀបចំ ត្រូវបានឧបត្ថម្ភដោយជំនួយរបស់ សាធារណរដ្ឋកូរ៉េ តាមរយៈ KOICA នៅក្នុងគម្រោងបង្កើតប្រព័ន្ធនៃការបណ្ដុះធុរកិច្ចថ្មីរវាងសាកលវិទ្យាល័យ និងឧស្សាហកម្មនៅកម្ពុជា។
កម្មវិធីនេះ គឺជាសកម្មភាពមួយនៃគម្រោងផងដែរ ដើម្បីជួយបង្កើតទំនាក់ទំនងរវាង ធុរជន វិនិយោគិន ស្ថាប័នរដ្ឋនិងឯកជន ដែលភាគីទាំងអស់នឹងធ្វើការជាមួយគ្នាដើម្បីជួយជំរុញនិងគាំទ្រដល់ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ ធុរកិច្ចថ្មីនិងសហគ្រិនវ័យក្មេង នៅក្នុងន័យនេះដែរ NICC នឹងនៅតែបន្តស្វាគមន៍ដើម្បីជជែកពិភាក្សាជាមួយនឹងគ្រប់ភាគីដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៉ី សម្រាប់ធុរកិច្ចថ្មីនៅកម្ពុជា៕