(ភ្នំពេញ)៖ ក្រុមហ៊ុន Yong Sheng Global Trading ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ របស់ក្រុមហ៊ុនពហុអាជីវកម្ម Royal Group នៅល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងភាពជាដៃគូផ្តាច់មុខជាមួយក្រុមហ៊ុន POSCO SS VINA ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ POSCO Group និងជាក្រុមហ៊ុនដែលបានជាប់ឈ្មោះ ក្នុងទស្សនាវដ្តី Fortune 500 របស់ប្រទេសកូរ៉េ និងជាក្រុមហ៊ុនដែលផលិតដែកថែបធំ ជាគេបំផុតនៅក្នុងពិភពលោក ដោយផ្អែកលើចំណែកទីផ្សារ។
ពិធីចុះហត្ថលេខានេះ ប្រារព្ធឡើងក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានរបស់ក្រុមហ៊ុន Royal Group និងលោក Jung Sun Kyu អគ្គនាយកក្រុមហ៊ុន POSCO SS VINA។ កិច្ចព្រមព្រៀងនឹងផ្តល់នូវការចែកចាយផ្តាច់មុខ នូវរាល់គ្រប់ផលិតផលដែកថែប របស់ក្រុមហ៊ុន POSCO SS VINA នៅកម្ពុជា។
ក្រុមហ៊ុន POSCO SS VINA ជាក្រុមហ៊ុនឯកទេសផលិតដែកលេខ១ ដែលមានមូលដ្ឋាននៅប្រទេសវៀតណាម ជាមួយផលិតផល របស់ខ្លួនទាំងអស់ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង តាមបទដ្ឋាន ISO-900:2008 ស្តង់ដារ JIS (ជប៉ុន) និងស្តង់ដារ GB&EUROP (អង់គ្លេស និងអឺរ៉ុប) លើស្តង់ដារឧស្សាហកម្ម៕