(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ បានបង្ហាញនូវការយល់ឃើញ និងចាត់ទុកការបាញ់ផ្លោងមីស៉ីលរបស់កូរ៉េខាងជើង ឆ្លងកាត់ប្រទេសជប៉ុន មិនមែនជារឿងលេងសើចនោះទេ ពោលជាការគំរាមកំហែងសម្រាប់សន្ដិសុខក្នុងតំបន់ ហើយកម្ពុជាសូមធ្វើការថ្កោលទោសចំពោះករណីនេះ។

សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» ពិភាក្សាពីការស្តារកម្ពុជាក្រោយវិបត្តិជំងឺកូវីដ១៩ បានអះអាងថា ការបាញ់ផ្លោងមីស៉ីលនេះ មិនមែនត្រឹមតែជាការបាញ់ចូលសមុទ្រនោះឡើយ ដោយនេះជាការបាញ់ឆ្លងកាត់ប្រទេសមួយ ហើយគេចង់សំដៅថា គេបាញ់ទៅតំបន់ណាមួយក៏បាននៃប្រទេសជប៉ុន។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «រឿងរ៉ាវអកុសលម្សិលម្ង៉ៃ គឺបាញ់មីស៉ីលឆ្លងកាត់ពីកូរ៉េខាងជើង ឆ្លងកាត់ប្រទេសជប៉ុន មិនមែនជារឿងលេងសើចនោះទេ។ កម្ពុជាបានធ្វើការថ្កោលទោសក្នុងពេលចរចារជាមួយនាយករដ្ឋមន្ដ្រីគុយបា។ នេះជាការគំរាមកំហែងដល់សន្ដិសុខក្នុងតំបន់ មិនមែនជាបញ្ហាបាញ់ចូលទៅសមុទ្រទេ ប៉ុន្ដែបាញ់ឆ្លងកាត់ប្រទេសមួយ។

ការបាញ់ឆ្លងកាត់ប្រទេសមួយបានន័យថា ប្រសិនបើខ្ញុំចង់បាញ់ចូលតូក្យូ ឬក៏បាញ់ចូលក្នុងតំបន់ណាមួយនៃប្រទេសជប៉ុន ក៏អាចបាញ់បាន ព្រោះឆ្លងកាត់ប្រទេសទៅហើយ។ រឿងនេះកម្ពុជាបានយកគោលជំហរច្បាស់លាស់»។

សូមរំលឹកថា ក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគី ជាមួយ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា ដែលកំពុងទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃអង្គារទី០៤ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានជម្រាបសមភាគីថា សម្តេចថ្កោលទោសការបាញ់មីស៊ីល ឆ្លងកាត់ប្រទេសជប៉ុន ដែលបានធ្វើឡើងដោយ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឥរិយាបទរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺប្រកបដោយគ្រោះថ្នាក់ និងជាការបំពានមួយទៀតទៅលើសេចក្តីសម្រេចនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ចេញទស្សនៈ ចំពោះសង្គ្រាមនៅអ៊ុយក្រែនផងដែរ ដោយសម្តេចបានលើកឡើងថា «កម្ពុជាយល់អំពីហេតុផលប្រវត្តិសាស្ត្រ យល់អំពីការព្រួយបារម្ភណ៍ផ្នែកសន្តិសុខ និងភាពស្មុគស្មាញនៃបញ្ហា ប៉ុន្តែ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាមិនយល់ស្របចំពោះការចូលលុកលុយ ប្រទេសអ៊ុយក្រែន និងការភ្ជាប់ជាតំបន់ចំណុះ ពីប្រទេសអធិបតេយ្យមួយនោះទេ។ កម្ពុជា ក្នុងនាមជាប្រទេសតូច ប្រកាន់នូវការគោរពអធិបតេយ្យ បូរណភាពដែនដី និងឯករាជ្យភាពនយោបាយ នៃរដ្ឋសមាជិក និងធម្មនុញ្ញ អ.ស.ប»

គួរជម្រាបថា កូរ៉េខាងជើង នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន២គ្រាប់បន្ថែមទៀត ធ្លាក់ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន បន្ទាប់ពីទីក្រុងព្យុងយ៉ាងថ្កោលទោសសហរដ្ឋអាមេរិក ជុំវិញការកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងការធ្វើ សមយុទ្ធយោធារួមគ្នា រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល៕