លោក អ៊ុក រ៉ាប៊ុន ចុះពិនិត្យការថែទាំផ្លូវក្រួសក្រហមប្រវែងជិត ២០គីឡូម៉ែត្រ នៅខេត្តស្ទឹងត្រែង
07-06-2016 18:09
(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានចុះពិនិត្យការថែទាំផ្លូវក្រួសក្រហមប្រវែង ១៩,២០០ម៉ែត្រ ចាប់ពីផ្លូវបំបែកផ្លូវលេខ៩២ រហូតទៅដល់អូរតាឡាស់ និង ពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៨,៦០០ម៉ែត្រ ទទឹង ០៥ម៉ែត្រ តភ្ជាប់ពីរមណីយដ្ឋានទឹកធ្លាក់សុភមិត្រ ទៅកាន់រមណីយដ្ឋានអន្លង់ផ្សោត ស្ថិតនៅឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
នាឱកាសចុះពិនិត្យសមិទ្ធិផល និងការដ្ឋានស្ថាបនាផ្លូវនេះ លោកបណ្ឌិតរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលទទួលផលនៅតាមដងផ្លូវ។ លោកបណ្ឌិត បានថ្លែងថា សមិទ្ធផលផ្លូវដែលភ្ជាប់ទៅកាន់តំបន់ ទេសចរណ៍នេះ ពិតជាផ្តល់នូវផលប្រយោជន៍ជាច្រើន ជាពិសេស គឺលើកកម្ពស់ជីវភាព និង សេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ ដូចដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ថា «មានផ្លូវ គឺមានក្តីសង្ឃឹម»៕