(ភ្នំពេញ)៖ ទោះបីជា CNRP ទទូចចរចាដោះស្រាយបញ្ហានយោបាយ ហើយ CPP អះអាងថា ខ្លួនបើកទ្វារចំហរជានិច្ចក្នុងការចរចា ក៏ដោយ ក៏ប៉ុន្តែតាមស្ថានភាពជាក់ស្តែងពេលនេះ ក្រុមតំណាងរាស្រ្តគណបក្សទាំងពីរ នៅតែពុំអាចជួបចរចាគ្នាដើម្បីបន្តវប្បធម៌សន្ទនា បាននៅឡើយទេ។
ការមិនអាចចរចាគ្នាបាននៅពេលនេះ ត្រូវបានអ្នកនាំពាក្យក្រុមតំណាងរាស្រ្តសំឡេងភាគច្រើននៅក្នុងរដ្ឋសភា លោក ឈាង វុន អះអាងថា ដោយសារតែ ក្រុមតំណាងរាស្រ្តសំឡេងភាគតិច ដែលជាដៃគូក្នុងការចរចា បន្តវប្បធម៌សន្ទនានោះ មិនទាន់មានក្បាលម៉ាស៊ីន សម្រាប់ចរចាផ្លូវការដែលទទួលស្គាល់ដោយ រដ្ឋសភានៅឡើយ។
លោកថា «ចរចារវាងបក្សនិងបក្សបានបញ្ចប់ហើយតាំងពី CNRP ចូលប្រជុំសភាមកម្ល៉េះ ហើយក្រោយមកគេបង្កើតវប្បធម៌សន្ទនាដើម្បី ជជែកក្នុងរដ្ឋសភា ប៉ុន្តែគាត់ (CNRP) អត់មានរចនាសម្ព័ន្ធច្បាស់លាស់ ដើម្បីជជែកនៅក្នុងរដ្ឋសភាផង ឥឡូវហ្នឹងតើនឹងជជែកពិភាក្សា ម្តេចបាន។ យើងមិនអាចចាប់ដៃគេ ឱ្យធ្វើអញ្ចេះ ឬអញ្ចុះនោះទេ គេត្រូវដឹងហើយត្រឹមខ្លួនគេនៅក្នុងការចរចា បើគេចង់ចរចានោះ»។
កាលពីខែមករា ឆ្នាំ២០១៥ រដ្ឋសភា បានចេញសេចក្តីប្រកាសអំពីការបង្កើតក្រុមតំណាងរាស្រ្តមតិភាគតិច និងក្រុមតំណាងរាស្រ្តមតិ ភាគច្រើន ដើម្បីអនុវត្តវប្បធម៌សន្ទនារវាងគណបក្សនយោបាយ ដែលមានអសនៈក្នុងសភា។ ថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្តមតិភាគច្រើន មានសមាសភាព៣រូបគឺ សម្តេចក្រឡាហោម ស ខេង (ប្រធាន) ឧបនាយករដ្ឋមន្រ្តី គាត ឈន់ (អនុប្រធាន) និង ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន (អនុប្រធាន)។ ចំណែកថ្នាក់ដឹកនាំតំណាងរាស្រ្តមតិភាគតិចមាន លោក សម រង្ស៊ី (ប្រធាន) លោក កឹម សុខា (អនុប្រធាន) និង លោក យឹម សុវណ្ណ លេខាធិការ។
លោក ឈាង វុន បានលើកឡើងថា ថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្តសំឡេងភាគតិចនៅក្នុងសភា កន្លងមកពុំបានបំពេញកាតព្វកិច្ចរបស់ខ្លួន ឱ្យពេញលេញឡើយ ដោយសារតែម្នាក់បានរត់ទៅក្រៅប្រទេស ហើយម្នាក់ទៀតកំពុងជំពាក់នឹងរឿងអាស្រូវ។ លោកថា «ឥឡូវនេះក្បាល ម៉ាស៊ីនរបស់គាត់២នាក់ បានបាត់ទៅហើយហ្នឹង មួយរត់ចោលស្រុកបាត់ ហើយអនុប្រធានកំពុងមានរឿងអាស្រូវអញ្ចឹងយើងកំពុងរង់ចាំ អាហ្នឹង ធ្វើការតែងតាំងមក ហើយយើងអាចណាត់ជួបគ្នាបានហើយ»។
ទោះជាយ៉ាងណានាថ្មីៗនេះ CNRP បានបង្កើតក្រុមការងារមួយ ដើម្បីចូលរួមពង្រឹងវប្បធម៌សន្ទនា ក្នុងនោះមានដូចជា ទី១៖ លោក ប៉ុល ហំម, ទី២៖លោក ហូរ វ៉ាន់, ទី៣៖លោក ម៉ៅ មុន្នីវណ្ណ និង ទី៤៖ អ៊ូ ចាន់រិទ្ធ។ ប៉ុន្តែគណបក្សប្រជាជនមិនទាន់ទទួលស្គាល់សមាសភាពនេះ បាននៅឡើយ ដោយសារតែពុំទាន់បានបញ្ចូលឱ្យគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាសម្រេច។
លោក យឹម សុវណ្ណ លេខាធិការក្រុមតំណាងរាស្រ្តមតិភាគតិចនៅរដ្ឋសភា មិនអាចសុំការអត្ថាធិប្បាយបានទេ នៅរសៀល ថ្ងៃទី០៧ ខែមិថុនានេះ ដោយទូរស័ព្ទរបស់លោក មិនមានអ្នកទទួល ខណៈដែលលោក អ៊ូ ចាន់រិទ្ធ បដិសេធមិនធ្វើអត្ថាធិប្បាយ។
មន្រ្តីគណបក្សប្រជាជនកម្ពុជា បានព្រមានជាមុនថា ទោះជាមានការចរចាក៏ដោយ ក៏ប៉ុន្តែគណបក្សប្រជាជននឹងមិនអនុញ្ញាតឱ្យមានការ លើកយក របៀបវារៈបុគ្គលដើម្បីចរចានោះទេ ជាពិសេសការចរចាគ្នា ដើម្បីឱ្យលើកលែងទោសដល់អ្នកដែលប្រព្រឹត្តល្មើស ឱ្យរួចខ្លួន។ លោក ឈាង វុន លើកឡើងថា «បើជជែកគ្នាដើម្បីឱ្យលើកលែងទោស អ្នកប្រព្រឹត្តិបទល្មើស យើងអត់មានសិទ្ធិទេ ព្រោះរឿងនេះតុលាការ ចាត់ចែងហើយ»៕