(ភ្នំពេញ)៖ នៅព្រឹកព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២»។ សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។

សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» បានធ្វើឡើងជារៀងរាល់ឆ្នាំ រយៈពេល១៣ឆ្នាំមកហើយ។ នៅឆ្នាំ២០២០ និង២០២១ ការរាតត្បាតជំងឺកូវីដ១៩ បានធ្វើឱ្យខកខានការរៀបចំនូវវេទិកាដ៏មានសារៈសំខាន់មួយនេះ។

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានទប់ស្កាត់ដោយជោគជ័យលើការរាតត្បាតជំងឺកូវីដ១៩នោះ នៅឆ្នាំ២០២២នេះ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDRI សហការជាមួយក្រុមហ៊ុនជីពម៉ុង ក្រុមហ៊ុនជី ហ្គៀ គ្រុប ដោយមានការគាំទ្រពីកម្មវិធីជំនួយរបស់អូស្ត្រាលីផងនោះ សន្និសីទ «ចក្ខុវិស័យកម្ពុជា» ត្រូវបានរៀបចំឡើងវិញ។

សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» រៀបចំធ្វើឡើងក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩»។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២នេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រហែល ៤០០នាក់ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតបរទេស តំណាងបេសកកម្មការទូតបរទេសនានា ប្រចាំកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅប្រទេសកម្ពុជាផងដែរ។

ក្នុងពិធីបើកសន្និសីទនៅថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះពាក់ព័ន្ធនឹងវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាយុទ្ធសាស្ត្រមួយចំនួនរបស់រាជរដ្ឋាភិបាល ក្នុងការស្តារប្រទេសក្រោយវិបត្តិនៃជំងឺឆ្លងសាកលមួយនេះ។

ក្នុងសន្និសីទនេះ នឹងមានការជជែកពិភាក្សាទៅលើប្រធានបទសំខាន់ៗចំនួន៣ រួមមាន៖

ប្រធានបទទី១៖ «ការអភិវឌ្ឍដោយចរីភាពនៅក្នុងពិភពលោកដែលប្រេះស្រាំក្រោយវិបត្តិជំងឺកូវីដ១៩»។ ប្រធានបទនេះ ជាការពិនិត្យនូវការផ្លាស់ប្តូរសេដ្ឋកិច្ចតាមតំបន់ និងទូទាំងពិភពលោកក្រោយជម្ងឺរាតត្បាត និងសារៈសំខាន់នៃការផ្លាស់ប្ដូរនេះ ចំពោះប្រទេសកម្ពុជា។ ការសម្លឹងមើលបរិវត្តឌីជីថល សាកលភាវូបនីយកម្ម និងផលប៉ៈពាល់បរិស្ថាន ភូមិសាស្ត្រនយោបាយ រួមទាំង «ការរស់នៅតាមរបៀបធម្មតា ឬគន្លងថ្មី» ឬ «new normal» ក្រោយជំងឺរាតត្បាតសាកល នឹងក្លាយជាប្រធានបទចម្បងសម្រាប់ការពិភាក្សានេះ។

កិច្ចពិភាក្សាលើប្រធានបទនេះ នឹងដឹកនាំសម្របសម្រួល ដោយលោកបណ្ឌិត កៅ គឹមហ៊ួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកកិច្ចការបរទេស និងអាស៊ាន និងមានវត្តមានចូលរួមពីគណៈវាគ្មិន លោកស្រីបណ្ឌិត ខារ៉ូលីន យូស្ស នៃសាកលវិទ្យាល័យណូត្រេដាម លោកសាស្ត្រាចារ្យ ប៊ឺត ហូហ្វមេន នៃសាកលវិទ្យាល័យជាតិសឹង្ហបុរី និងបណ្ឌិត វីង ធ្យេ វូ មកពីសាកលវិទ្យាល័យនៃរដ្ឋកាលីហ្វ័រញ៉ា និងវាគ្មិនដទៃទៀត។

ប្រធានបទទី២៖ «តើកម្ពុជាអាចបន្តជោគជ័យយ៉ាងណាបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩?»។ ប្រធានបទនេះ ជាកិច្ចពិភាក្សាដ៏លម្អិត លើភាពជោគជ័យសេដ្ឋកិច្ចរបស់កម្ពុជាមុន និងក្រោយកូវីដ១៩។ ការពិនិត្យទៅលើគុណវិបត្តិ និងគុណសម្បត្តិនៃការអភិវឌ្ឍ នឹងនាំការពិភាក្សានេះទៅផ្ដោតសំខាន់លើ ការកំណត់យុទ្ធសាស្ត្រ ដែលធានាឲ្យមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ក្រុមហ៊ុនពាណិជ្ជកម្ម និងសង្គមស៊ីវិល ដើម្បីដោះស្រាយនូវភាពមិនប្រាកដប្រជាដែលកំពុងបន្តកើតមានឡើង។

កិច្ចពិភាក្សាប្រធានបទនេះ មានវត្តមានចូលរួមពីលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិនៃវិទ្យស្ថាន CDRI រួមទាំងវត្តមានអ្នកជំនាញមកពី វិទ្យាស្ថានអប់រំឈានមុខជាច្រើនទៀត ដែលនឹងចែករំលែកគំនិតសំខាន់ៗ និងពិភាក្សាលើយុទ្ធសាស្ត្រនានា។

ប្រធានបទទី៣៖ «អាទិភាពសម្រាប់ការស្តារឡើងវិញនូវគំរូអភិវឌ្ឍន៍របស់កម្ពុជា»។ ប្រធាននេះ នឹងពិភាក្សាទៅលើអនាគតរបស់ប្រទេស ព្រមទាំងការផ្តោតសំខាន់ លើការងាកទៅរកការអភិវឌ្ឍប្រសើរជាងមុន។ ដោយធ្វើការកំណត់នូវសកម្មភាពបន្ទាន់នានា ព្រមទាំងយុទ្ធសាស្ត្រដ៏វែងឆ្ងាយ លើកិច្ចពិភាក្សាស្តីពីវិស័យសុខភាពសាធារណៈ ធនធានមនុស្ស កសិកម្មប្រកបដោយចីរភាព នវានុវត្តន៍ផ្នែកឌីជីថល និងបច្ចេកវិទ្យា ការពិភាក្សានេះផ្តោតលើការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា។

កិច្ចពិភាក្សានេះនឹងបំភ្លឺមាគ៌ារបស់កម្ពុជា ដោយមានការសម្របសម្រួលពីឧកញ៉ា សុខ ពិសិដ្ឋ ប្រធានអគ្គនាយក និងសហស្ថាបនិក ជី ហ្គៀ គ្រុប (G Gear co. Ltd.) និងវត្តមានលោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

វិទ្យាស្ថាន CDRI បានឱ្យដឹងដែរថា បណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលរបស់វិទ្យាស្ថាន CDRI នឹងបិទបញ្ចប់កិច្ចពិភាក្សានៅថ្ងៃដដែល ដោយសង្ខេបលទ្ធផល ក្រោមប្រធានបទ «វិធីឆ្ពោះទៅមុខ៖ សារសំខាន់ៗសម្រាប់កំណែទម្រង់ និងសកម្មភាព» ដែលនឹងផ្តល់ឱកាសដល់ទស្សនិកជន និងអ្នកចូលរួមធ្វើការឆ្លុះបញ្ចាំងពីខ្លឹមសារ និងទស្សនៈវិស័យដ៏ឧត្តុង្គឧត្តមនៃសន្និសីទនេះ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់សុន្ទរកថា និងមតិសំណេះសំណាលបិទអង្គសន្និសីទនេះផងដែរ។

វិទ្យាស្ថាន CDRI បានអះអាងផងដែរថា ជាមួយសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាក្នុងឆ្នាំ២០២២នេះ វិទ្យាស្ថាន នឹងបន្តរៀបចំឱ្យមានកិច្ចពិភាក្សាដ៏ស្វិតស្វាញ និងមានឥទ្ធិពលរវាងភាគីពាក់ព័ន្ធពីកម្ពុជា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសផ្សេងៗទៀត ដើម្បីរិះរកមធ្យោបាយ ដោះស្រាយស្ថានការណ៍ពិភពលោកក្រោយជំងឺកូវីដ១៩។

សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២នេះ ត្រូវបានរំពឹងថា នឹងទទូលបាននូវធាតុចូល និងអនុសាសន៍គោលនយោបាយសំខាន់ៗ តាមរយៈការសម្របសម្រួលបំផុសគំនិត និងការធ្វើបទបង្ហាញរបស់វាគ្មិនជាតិ និងអន្តរជាតិ ក៏ដូចជាលទ្ធផលចេញពីការពិភាក្សាពេញអង្គនៃវគ្គនីមួយៗ ដើម្បីរួមចំណែកដល់ការកសាងគោលនយោបាយក្របខ័ណ្ឌយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២នេះ នឹងជាឱកាសមួយក្នុងការចែករំលែកធាតុចូល បទពិសោធន៍ និងភាពជោគជ័យរបស់កម្ពុជាក្នុងការគ្រប់គ្រងកូវីដ-១៩ ផងដែរ៕