(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ និងជាតំណាងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងថ្នាក់ដឹកនាំក្រសួងបានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត សាស្រ្តាចារ្យ Anek Laothamatas រដ្ឋមន្រ្តីក្រសួងឧត្តមសិក្សា វិទ្យាសាស្រ្ត ស្រាវជ្រាវ និងនវានុវត្តន៍របស់ថៃ។
នៅក្នុងកិច្ចពិភាក្សានេះ លោកបណ្ឌិត ហេង សុខគង់ បានលើកឡើងពីការផ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ចំពោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ដែលជាមិត្តចាស់ ព្រមទាំងទំនាក់ទំនងការទូតល្អរយ:ពេលជិត៧២ឆ្នាំរវាងប្រទេសទាំងពីរ។
លោកបានលើកឡើងតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ក្រសួង ដែលទើបនឹងត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក្រោមម្លប់នៃសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលលោកបានប្រមើលឃើញថា ដើម្បីសម្រេចបានជោគជ័យលើចក្ខុវិស័យឆ្នាំ២០៣០ ដែលកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ដែលជាប្រទេសមានចំណូលខ្ពស់ គឺមិនអាចកាត់ផ្តាច់បានពីការជំរុញ និងលើកកម្ពស់ការរីកចម្រើនលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍របស់ជាតិនោះបានទេ។
លោកបណ្ឌិតបានលើកឡើងថា ក្នុងរយៈពេលជាង២ឆ្នាំមកនេះ ក្រោយការបង្កើតក្រសួង លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញ ការកសាងលិខិតបទដ្ឋានគតិយុត្តិ និងពង្រឹង ពង្រីកវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដូចជាការរៀបចំ STI Policy 2020-2030, STI Roadmap 2030, STI Ecosystem, NRA, Go-Spin, STI Magazine, គម្រោងរៀងចំ STI Park, National Science Museum , Tech Expo ជាដើម ជាពិសេសគឺការចងក្រងបញ្ជីសារពើភណ្ឌធនធានមនុស្ស និងការកសាងបណ្តុះសមត្ថភាពធនធានមនុស្សដែលជាកត្តាចាំបាច់បំផុតសម្រាប់អភិវឌ្ឍវិស័យទាំងនេះនៅកម្ពុជា។
ក្នុងនោះដែរភាគីថៃ បានលើកឡើងពីការរីកចម្រើនយ៉ាងលឿន នៃវិស័យវិទ្យាសាស្រ្តជីវិត (Life Science) បច្ចេកវិទ្យាអវកាស (Space Tech) តារាសាស្រ្ត (Astronomy) បច្ចេកវិទ្យាជីវសាស្រ្ត (Bio-Tech) និងផ្កាយរណប (Satellite) ជាដើម ដែលថៃមានវិទ្យាស្ថានមួយទទួលបន្ទុកច្បាស់លាស់លើការងារនេះ នឹងឈានដល់ការបង្កើតរោងចក្រសម្រាប់ផ្គុំ តម្លើង និងបាញ់បង្ហោះថែមទៀតផង ។
ជាចុងក្រោយភាគីទាំងពីរ បានឯកភាពគ្នា ក្នុងការជំរុញភាពជាដៃគូ និងលើកកម្ពស់វិស័យ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍រវាងប្រទេសទាំងពីរ ព្រមទាំងជំរុញការរៀបចំសេចក្តីព្រាង MOU រវាង MISTI & MHESI ឲ្យបានលឿន និងចប់សព្វគ្រប់ អាចចុះហត្ថលេខាបានទាន់ពេលវេលា ក្នុងពេលដែលមានវត្តមាននាយករដ្ឋមន្រ្តីថៃ អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា នាខែវិច្ឆិកាខាងមុខ។
ភាគីទាំងពីរបានស្នើបន្ថែមខ្លឹមសារមួយចំនួនទៅក្នុង MOU ដូចជា៖
*ទី១៖ ជំរុញលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស និងផ្ទេរបច្ចេកវិទ្យា ដោយភាគីថែ នឹងផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតលើជំនាញ AI, Big Data, Cloud Tech, IoT, IR 4.0, Life Science & Medical Science ដល់និស្សិតកម្ពុជា
*ទី២៖ បន្ថែមកិច្ចសហការលើវិស័យ Logistic & Supply Chain Management
*ទី៖ បន្ថែមកិច្ចសហការលើវិស័យ វិទ្យាសាស្រ្តមាត្រាសាស្រ្ត (Metrology Science)
*ទី៤៖ ភាគីថៃ នឹងជួយគាំទ្រកម្ពុជាលើការរៀបចំ National Science Museum, Science Park & Tech Expo។
ភាគីទាំងពីរក៏បានឯកភាពឲ្យមាន Focal Point និងការបង្កើត Bilateral Joint Committee សម្រាប់ទំនាក់ទំនងគ្នាឲ្យកាន់តែល្អប្រសើរ និងងាយស្រួលក្នុងការបំពេញការងារលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍រវាងប្រទេសទាំងពីរដែលជាមិត្តល្អ និងអ្នកជិតខាងល្អផងដែរ៕