(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា នៅការិយាល័យសុីធីខេត នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ។
ក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ បានស្នើដល់លោកស្រី ឯកអគ្គរដ្ឋទូតនៃប្រទេសហ្វីលីពីន ឲ្យជួយសហការ និងផ្សព្វផ្សាយពីផលិតផលហាឡាលកម្ពុជា ដល់ប្រជាជន សហគ្រិន និងអ្នកវិនិយោគ នៃប្រទេសហ្វីលីពីន និងអំពាវនាវពួកគេឲ្យមកធ្វើការវិនិយោគលើវិស័យហាឡាល នៅកម្ពុជា។
ជាកិច្ចឆ្លើយតប លោកស្រី Maria Amelita C.Aquino បានសន្យាថា នឹងសហការផ្សព្វផ្សាយពីផលិតផលហាឡាលដែលកម្ពុជាមាន។ លោកស្រីមានចំណាប់អារម្មណ៍ខ្ពស់ ចំពោះការវិនិយោគលើវិស័យនេះ ដើម្បីនាំយកផលិតផលហាឡាលកម្ពុជា ទៅប្រកួតប្រជែងលើទីផ្សារប្រទេសហ្វីលីពីន ក៏ដូចជាទីផ្សារពិភពលោក ព្រោះផលិតផលហាឡាល មិនត្រឹមតែមានតម្រូវការសម្រាប់ប្រជាជនមុស្លិមប៉ុណ្ណោះទេ តែជាតម្រូវការសម្រាប់ប្រជាជនទូទៅផងដែរ។
សូមជម្រាបថា ប្រជាជនមុស្លិមក្នុងប្រទេសហ្វីលីពីន មានចំនួន ១៥% នៃប្រជាជនសរុបជាង១១២លាននាក់។ នេះបើតាមការបញ្ជាក់របស់លោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីន៕