(ភ្នំពេញ)៖ តាមរបាយការណ៍ដែលភ្នាក់ងារ Fresh News ទទួលបានពីលោក ម៉ៅ ចាន់ថុន នាយរងផ្នែកនគរបាលទទួលផែនយុត្តិធម៌ ខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះថា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបបំបែក សំបុកគ្រឿងញៀនមួយកន្លែង ដោយឃាត់ខ្លួនយុវជនត្រូវ សង្ស័យរក្សាទុកនិងប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់និងរក ឃើញដកហូតថ្នាំញៀនចំនួន២កញ្ចប់ រួមទាំងឧបករណ៍ប្រើប្រាស់មួយចំនួន នៅក្នុងបន្ទប់ជួល ផ្លូវរថភ្លើង ស្ថិតក្នុងក្រុម៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
លោក ម៉ៅ ចាន់ថុន បានបញ្ជាក់ថា ពិតជាមានផលលំបាកយ៉ាងខ្លាំងក្នុងការបង្ក្រាបករណីគ្រឿងញៀននេះ ព្រោះហេតុថាតំបន់ខាងលើនេះ ជាតំបន់ស្មុគស្មាញ ដែលបក្ខពួកជនគ្រឿងញៀនទាំងនោះបានលាក់ទុកអាវុធដូចជា កាំបិត ដាវសាំម៉ូរ៉ៃ ជាដើមដោយផ្សងនិងគ្រោះថ្នាក់ ខ្លាំងខណៈពេលបង្ក្រាប ប៉ុន្តែបន្ទាប់ពីទទួលផែនការដឹកនាំ ពីលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវដើម្បី បន្តស្រាវជ្រាវកំណត់ទីតាំងដែលតែងតែ ធ្វើសកម្មភាពចរាចរគ្រឿងញៀន ក៏ដូចជាប្រើប្រាស់សារធាតុញៀនទើបឈានដល់ការបង្ក្រាប បំបែកសំបុកឃាត់ខ្លួនបក្ខពួកជនសង្ស័យចំនួន៦នាក់ ដែលកំពុងធ្វើសកម្មភាពជក់គ្រឿងញៀនជុំគ្នា ដោយកម្លាំងសមត្ថកិច្ចបានរកឃើញ ដកហូតថ្នាំញៀនចំនួន២កញ្ចប់រួមទាំងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។
លោក ម៉ៅ ចាន់ថុន បានបញ្ជាក់ទៀតថា ជនត្រូវឃាត់ខ្លួន៖ទី១-ឈ្មោះ អុល សំណាង អាយុ២០ឆ្នាំ មានមុខរបរចុងភៅ ទី២-ឈ្មោះ ចាន់ វិរៈ អាយុ១៨ឆ្នាំ មានមុខរបរនៅផ្ទះ ទី៣-ឈ្មោះ ថា រតនា អាយុ២១ឆ្នាំ មានមុខរបរចុងភៅ ជនសង្ស័យទាំង៣នាក់ខាងលើ ស្នាក់នៅភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទី៤-ឈ្មោះ ធា បូរី អាយុ២០ឆ្នាំ មានមុខរបរធ្វើនុំប៉ាវ ស្នាក់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទី៥-ឈ្មោះ ដឹម រដ្ឋា អាយុ២៤ឆ្នាំ មានមុខរបរ សន្តិសុខស្នាក់នៅ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ និងទី៦-ឈ្មោះ ហាន ហួន អាយុ២២ឆ្នាំ មានមុខរបរធ្វើនុំប៉ាវ ស្នាក់នៅកន្លែងធ្វើនុំប៉ាវ ស្ថិតក្នុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
លោក ម៉ៅ ចាន់ថុន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ជនត្រូវ សង្ស័យទាំង៦នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅឃុំ ខ្លួនបណ្ដោះអាស្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តសាកសួរស្រាវជ្រាវតាមនីតិវិធី របស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ៕