(ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា សាសនាទាំងអស់សុទ្ធតែបានអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នូវការជួញដូរមនុស្ស និងផលប៉ះពាល់ពីសកម្មភាពលេងល្បែងស៊ីសង ខុសច្បាប់ គ្រប់ប្រភេទដែលនាំឲ្យមានកើតឡើងនូវអំពើអសន្តិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ការថ្លែងបែបនេះ របស់លោក ម៉ែន អេង ខណៈដែលលោកតំណាងអភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីសង្ឃ និងថ្នាក់ដឹកនាំពាហិរសាសនា ក្នុងខេត្តស្វាយរៀង នៅឯមន្ទីរ ធម្មការនិង សាសនាខេត្ត នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។
ពិធីសំណេះសំណាលនេះការនិមន្តចូលរួម ពីព្រះវិមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជា គណៈថ្នាក់កិត្តិយស ព្រះវិន័យធម៌ គណខេត្តតំណាងព្រះ វិសុទ្ធញ្ញាណ មុំ សយព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាព្រះមេគណខេត្ត ,លោក ទីវ សុភាប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។
ជាមួយគ្នានេះ លោក ម៉ែន អេង បានថ្លែងនូវការកោតសរសើរដល់មន្ទីរធម្មការនិងសាសនាខេត្ត ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងសាសនាផ្សេងៗ រួមមានព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ គ្រឹះសាសនា ឥស្លាមសាសនា សាសនាមហាយាន និងសាសនាបាហៃ ក្នុងខេត្តស្វាយរៀងធ្វើឲ្យបរិស័ទក្នុងខេត្តបានទទួលនូវអត្ថប្រយោជន៍ជាច្រើនពីសាសនាទាំងនោះ។
បន្ថែមលើសពីនេះ លោក ម៉ែន អេង ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំសាសនាទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលុបបំបាត់អំពើជួញដូរមនុស្សតាមគ្រប់រូបភាព ក៏ដូចជាការលុបបំបាត់ឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។
បើតាមលោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានបញ្ជាក់ពីគោល បំណងនៃការជួបជុំមេដឹកនាំសាសនានៅពេលនេះ គឺសំខាន់បំផុតដើម្បីឲ្យសាសនាទាំងអស់ ក្នុងខេត្តស្វាយរៀងដែលរួមមានសាសនាព្រះពុទ្ធដែលជា សាសរបស់រដ្ឋ អ៊ីស្លាមសាសនា សាសនាបាហៃ និង មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនារួមគ្នាចូលរួមទប់ស្កាត់ការជួយដូរ មនុស្សនិងចូលរួមលប់បំបាត់ចោល ឲ្យអស់នូវ លែងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងសហគមន៍តាមរយៈការអប់រំផ្សព្វផ្សាយរបស់សាសនានីមួយៗដែលមានទីតាំងក្រុងខេត្តស្វាយរៀង។
លោក ទីវ សុភា បានឲ្យដឹងថា នៅក្នុងខេត្តស្វាយរៀងមានវត្តចំនួន ២៤៦ វត្ត និងមានព្រះសង្ឃជាង ២០០០អង្គ រួមនឹងគ្រឹះសាសនា អ៊ីស្លាមសាសនា សាសនាមហាយាន និងសាសនាបាហៃ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំផ្សព្វផ្សាយដល់បរិស័ទរបស់ខ្លួនឲ្យប្រព្រឹត្តតែអំពើល្អក្នុងសង្គមក្រោមដំបូលច្បាប់តែមួយ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវនិងឆ្លៀសវៃប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕