(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បានទទួលអំណោយពីសប្បុរសជន គឺលោក ឆេង ថុងស៊ាង និងកញ្ញា ឆេង សុខសាន្ត នូវអង្ករចំនួន ៥០០ គីឡូក្រាមនិងមីចំនួន៥កេស សម្រាប់ជាការចូលរួមជាមួយរដ្ឋបាលស្រុកក្នុងការចែកបន្តដល់បង ប្អូនប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន ដែលកំពុងមានជីវភាពខ្វះខាត ហើយរងគ្រោះដោយទឹកជំនន់ក្នុងស្រុកស្ទោង។

ជាមួយនេះផងដែរ លោកក៏បានបន្តអញ្ជើញទៅសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន១៤គ្រួសារ ដែលកំពុងរស់នៅឃុំចំណារក្រោម ស្រុកស្ទោងខេត្តកំពង់ធំ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកអភិបាលស្រុក បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់សប្បុរសជនជិតឆ្ងាយ ទាំងក្នុងស្រុកនិងក្រៅស្រុក ដែលតែងតែផ្តល់អំ​ណោយ​មនុស្សធម៌ ក៏ដូចជាសហការជាមួយរដ្ឋបាលស្រុកក្នុងការផ្ដល់នូវសម្ភារៈថវិកា សម្រាប់រដ្ឋបាលស្រុកមានលទ្ធភាពបន្តចែកជូន​ដល់ពលរដ្ឋដែលកំពុងរង​គ្រោះនៅក្នុង មូលដ្ឋានជាពិសេសពលរដ្ឋក្រីក្រ។

លើសពីនេះ លោក សាយ គឹមឡម ក៏បានណែនាំដល់រដ្ឋបាលឃុំចំណារក្រោម ត្រូវចេះកៀរគររកធនធានពីសប្បុរសជននានា ដើម្បីបានជាមូលនិធិសម្រាប់រដ្ឋបាលឃុំក្នុងការជួយសង្គ្រោះពលរដ្ឋ ដែលរងគ្រោះដោយឧបទ្ទវហេតុឬទឹកជំនន់ជាដើម និងជាមូលនិធិក្នុងការថែទាំជួសជុល ផ្លូវលំ លូរ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងខូចខាតដោយទឹកជំនន់ជាដើម។

ជាមួយគ្នានេះ លោកបានឲ្យរដ្ឋបាលឃុំត្រូវផ្សព្វផ្សាយ និងជូនដំណឹងឲ្យបានទូលំទូលាយដល់ពលរដ្ឋរបស់ខ្លួន ឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋទាំង១៤គ្រួសារខាងលើ ក្នុងមួយគ្រួសារៗ ទទួលបាននូវអង្ករ១បេ មី១កេស ទឹកស៊ីអ៊ីវ១យួរ និងទឹកត្រី១យួរផងដែរ៕