(ព្រះវិហារ)៖ តំបន់ទំនាបមួយចំនួនក្នុងខេត្តព្រះវិហារ នៅតែបន្តរងការវាយប្រហារដោយជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីប្រទេសថៃ ជាហេតុនាំឱ្យលិចភូមិឋាន ផលដំណាំ និងបង្កការលំបាកដល់ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានលេខាធិការធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ រួមជាមួយមន្ត្រីពាក់ព័ន្ធក្នុងខេត្ត បានចុះពិនិត្យស្ថានភាពនៃការជន់លិចនោះ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលផ្ដល់ជូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់លិចលង់ផ្ទះសម្បែង។
ក្នុងដំណើរចុះពិនិត្យស្ថានភាពជន់លិចនេះ ទាំងលោក គីម រិទ្ធី និងលោក គីម វីរៈ បានសម្តែងការសោកស្តាយជាមួយពលរដ្ឋរងគ្រោះទាំងអស់ ចំពោះផលប៉ះពាល់កើតចេញពីជន់លិចនេះ។ លោក គីម រិទ្ធី បានគូសរំលេចពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោកបានជម្រាបទៅប្រជាពលរដ្ឋរងគ្រោះថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានណែនាំជាប់ជានិច្ចឱ្យយកចិត្តទុកដាក់ចំពោះពលរដ្ឋរងគ្រោះ ហើយចាត់ចែងឱ្យមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ និងកាកបាទក្រហមរៀចំស្បៀងអាហារផ្សេងៗជូនពលរដ្ឋ ដើម្បីដោះស្រាយការលំបាកក្នុងពេលជន់លិចនេះ។
ក្នុងឱកាសចុះពិនិត្យស្ថានភាពជន់លិច និងចែកអំណោយនៅតាមខ្នងផ្ទះនេះ លោក គីម រិទ្ធី ក៏ដូចជាលោក គីម វីរៈ ណែនាំប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នបានខ្ពស់ចំពោះសុវត្ថិភាព ជាពិសេសថែទាំកូនចៅតូចៗកុំឱ្យលេងទឹក ដែលអាចនាំគ្រោះថ្នាក់ដល់អាយុជីវិត។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលទទួលបានអំណោយនាពេលនេះ មានចំនួន ២៩គ្រួសារ ស្ថិតនៅភូមិចំការស្រម៉ូវ (ចំណុចអូរបាក់) សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ក្នុងនោះប្រជាពលរដ្ឋ ២៣គ្រួសារ បានទទួលអំណោយនៅទីទួលសុវត្ថិភាព និង ៦គ្រួសារទៀតត្រូវបាននាំយកអំណោយទៅផ្ដល់ជូនផ្ទាល់ដល់លំនៅដ្ឋានរងការលិចលង់។
អំណោយដែលយកទៅផ្ដល់ជូនពលរដ្ឋនាពេលនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម តង់១ មី ០១កេស ប៊ីចេង ០១កញ្ចប់ ទឹកស៊ីអ៉ីវ ០១ដប និងត្រីខ ០៥កំប៉ុង និងថវិកា ១០ម៉ឺនរៀល។
បន្ទាប់ពីការចុះពិនិត្យស្ថានភាពលិចលង់ និងចែកអំណោយដល់ពលរដ្ឋរងគ្រោះនៅក្នុងខេត្តព្រះវិហារហើយនោះ នៅក្នុងថ្ងៃដដែលនេះ លោក គីម វីរៈ បានបន្តដំណើរចុះត្រួតពិនិត្យភូមិចំនួនពីរ គឺភូមិសំរោងទាប និងភូមិម្លិៈស្រោង ស្ថិតក្នុងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង៕