(បន្ទាយមានជ័យ)៖ នាល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យអមដោយក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកដោយសារជំនន់ទឹកភ្លៀង ចំនួន១៣៣គ្រួសារ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងនាមប្រធានក្រុមការងារ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ គ្រប់ពេលវេលា ប្រុងជើងការត្រៀមជួយប្រជាពលរដ្ឋ ទោះយ៉ាងការលំបាកនៃជំងឺកូវីដ-១៩ និងគ្រោះរាំងស្ងួត ជំនន់ទឹកភ្លៀងដែលតែងតែញាំញី ដោយបានត្រៀមនូវស្បៀង ថ្នាំពេទ្យ មធ្យោបាយគ្រប់បែបយ៉ាងសំដៅជួយសង្រ្គោះជិវិតមនុស្ស។
ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្ថែមដោយបានណែនាំ ដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវថែរក្សាទឹកទុកប្រើប្រាស់ស្ដារវិស័យកសិកម្ម ស្រូវប្រាំង ចិញ្ចឹមសត្វ និងដាំបន្លែ ឧស្សាហកម្ម និងទេសចរណ៍ បង្កើតការងារបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងថែទាំអនាម័យសុខភាព បន្តចាក់វ៉ាក់សាំង Covid-19 ថែទាំព្រះសង្ឃតាមវត្តអារាមដែលគង់ចាំព្រះវស្សា។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានសម្តែងនូវការចូលរួមសោកស្តាយ ចំពោះក្រុមគ្រួសារដែលបាត់បង់ទ្រព្យសម្បត្តិ និងសមានទុក្ខក្រៀមក្រំចំពោះក្រុមគ្រួសារ ដែលបាត់បង់សមាជិកគ្រួសារដោយសារជំនន់ទឹកភ្លៀង។
ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បាននាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូន ដើម្បីសម្រាលនូវការលំបាក៖
១៖ ប្រជាពលរដ្ឋចំនួនសរុប១៣៣គ្រួសារ នៅក្រុងប៉ោយប៉ែត ដោយក្នុង០១គ្រួសារៗទទួលបានអង្ករ ២០គីឡូក្រាម មី១កេស ត្រី ខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ២យួរ មុង ១ សាប៊ូដុសខ្លួន ២ដុំ (ថ្នាំប៉ារ៉ា បេតាឌីន ០១កញ្ចប់) ថវិកា២ម៉ឺនរៀល
២៖ ជូនគ្រួសារដែលមានសមាជិកស្លាប់ដោយទឹកជំនន់០៣គ្រួសារ ក្នុង១គ្រួសារៗថវិកា៥០ម៉ឺនរៀល
៣៖ នគរបាល កងរាជអាវុធហត្ថ ទាហាន ប្រជាការពារភូមិ ក្រុមគ្រូពេទ្យក្នុង១អង្គភាព/ក្រុមថវិកា៥០ម៉ឺនរៀល
៤៖ លោកគ្រូ អ្នកគ្រូ ១៨នាក់ ម្នាក់ៗ សារ៉ុង១ ថវិកា២ម៉ឺនរៀល
៥៖ កុមារតូចៗ ថវិកា៨០ម៉ឺនរៀល។
នៅល្ងាចនាថ្ងៃដដែលនេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងក្រុមការងារ បានបន្តដំណើរទៅពិនិត្យស្ថានភាពទឹកនៅស្ទឹងអូរកៃដន ពិនិត្យគម្រោងការរៀបចំប្រឡាយរំដោះទឹកកាត់ពីព្រំប្រទល់ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត និងបានឧបត្ថម្ភកងពល៥១៣ នូវថវិកា៣លានរៀល មី២០០កេសផងដែរ៕