(កំពត)៖ ជនជាតិចិន និងវៀតណាមចំនួន៨០នាក់ ក្នុងចំណោម១០៣នាក់ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្ត នីតិវិធីក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងនគរបាលខេត្តកំពត ចុះត្រួតពិនិត្យ និងឃាត់ខ្លួនពីបទឆ្លងដែន ធ្វើការនិងរស់នៅ ខុសច្បាប់ ខណៈដែលពួកគេកំពុងធ្វើការនៅក្នុងការដ្ឋានសំណង់ រោងចក្រស្បែកជើងមួយ ឈ្មោះ Nhan Duc Phnom Penh Co,LTD ស្ថិតក្នុងភូមិ កណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានឱ្យដឹងថា «ការចុះត្រួតពិនិត្យខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំរបស់ លោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត ដោយសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាម ចំនួន៩៣នាក់ មានស្រី១៥នាក់, ជនជាតិចិន ចំនួន១០នាក់ សរុបចំនួន១០៣នាក់»។
លោកឧត្តមសេនីយ៍បានបន្ថែមថា ក្នុងចំណោមជនបរទេសទាំងអស់ ជនជាតិចិនគ្មានលិខិតឆ្លងដែន មានចំនួន ៤នាក់ ឯជនជាតិវៀតណាម មានចំនួន៧៦នាក់ ដែលគ្មានលិខិតឆ្លងដែនដែរ សរុបចំនួន៨០នាក់។ បន្ទាប់ពីបានឃាត់ខ្លូនរួចហើយ កម្លាំងនគរបាលបានបញ្ជូនពួកគេ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បើចាត់ការតាមនីតិវិធីច្បាប់បន្ត៕