(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ដោយបានលើកឡើងអំពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុង នាចុងសប្តាហ៍ថ្ងៃទី០១-០២ ខែតុលា ឆ្នាំ២០២២ ដែលក្នុងនោះភ្ញៀវសរុបមានចំនួន ៤៥៧.១៦៧នាក់។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបទាំង ៤៥៧.១៦៧នាក់ មានភ្ញៀវជាតិ ៤៣៤.៨៦៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២២.៣០២ នាក់។

បើតាមលោក ថោង ខុន គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តបាត់ដំបង ៧៥.៤៧០ នាក់
* ខេត្តព្រះសីហនុ ៦៣.៣២០ នាក់
* ខេត្តកែប ៥០.១១៨ នាក់
* ខេត្តឧត្តរមានជ័យ ៣២.៩៦២ នាក់
* ខេត្តសៀមរាប ២៧.៥៨៧ នាក់
* ខេត្តពោធិ៍សាត់ ២៤.១៦០ នាក់
* ខេត្តប៉ៃលិន ២៣.៧២៤ នាក់។

ជាការកត់សម្គាល់ រួមមាន៖
* តួលេខនេះ មានកំណើនប្រមាណ ៥២,១៩% ធៀបនឹងសប្តាហ៍មុនពិធីបុណ្យភ្ជុំបិណ្ឌ។
* បើទោះចប់ពិធីបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួន បានបន្តដើរកម្សាន្តនាចុងសប្តាហ៍កន្លងមក។
* ដោយឡែក នាចុងសប្តាហ៍កន្លងមក រដ្ឋបាខេត្តឧត្តរមានជ័យបានរៀបចំពិធីបុណ្យអ៊ុំទូក រយៈពេល២ថ្ងៃ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលបានទាក់ភ្ញៀវមកក្សាន្តច្រើនផងដែរ។
* ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ មានក្តីរីករាយដែលបានប្រើប្រាស់ផ្លូវល្បឿនលឿនភ្ជាប់ភ្នំពេញ និងខេត្តព្រះសីហនុ ដែលបានបើកដំណើរការនាថ្ងៃទី១ ខែតុលា ឆ្នាំ២០២២៕