(កំពង់ស្ពឺ)៖ បើគ្មានអ្វីប្រែប្រួលនោះទេ និងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋនិងភ្ញៀវជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធីអុំទូក អកអំបុក សំពះព្រះខែ រដ្ឋបាលខេត្តកំពង់ស្ពឺ គ្រោងនឹងរៀបចំឱ្យមានការប្រណាំងទូកង អុំប្រណាំងខ្ទះត្នោត ក្នុងស្ទឹងព្រែកត្នោត នៅថ្ងៃទី៧-៨ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។

នៅក្នុងកិច្ចប្រជុំរៀបចំគណៈកម្មការលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ឆ្នាំនេះរាជរដ្ឋាភិបាលមិនបានរៀបចំព្រះរាជពិធីអុំទូក អកអំបុក សំពះព្រះខែទេ ដោយទុកឱកាសនេះឱ្យបណ្តាខេត្តនានារៀបចំវិញ។ ដើម្បីធ្វើឱ្យព្រះរាជពិធីមានភាពសប្បាយរីករាយ និងមហោឡារឹក រដ្ឋបាលខេត្ត និងមន្ទីរពាក់ពន្ធ័បានរៀបចំពិធីនេះនៅថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ដោយមានការប្រណាំងទូក ប្រណាំងខ្ទះត្នោត ពិព័រណ៌ផលិតផល ប្រគុំតន្ត្រី សម្តែងសិល្បៈ និងផ្ទាំងទស្សនីយភាពជាច្រើនទៀត ហើយក្នុងនោះក៏មានការបាញ់កាំជ្រួចអបអរពិធី៣ថ្ងៃ ជាប់គ្នាផងដែរ។

លោក វ៉ី សំណាង បានរំពឹងទុកថា «ក្នុងពិធីប្រណាំងនឹងអាចមានអ្នកមកទស្សនាច្រើនលើសលុបខុសពីឆ្នាំកន្លងទៅ ខណៈដែលខេត្តបានផ្អាកការអុំទូក អុំខ្ទះត្នោត និងពិធីផ្សេងៗប្រមាណ២ឆ្នាំមកហើយដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។ ការរំពឹងទុកនេះដែរគឺដោយសារតែឆ្នាំនេះ រដ្ឋបាលខេត្តក៏គ្រោងរៀបចំឱ្យមានលក្ខណៈស្តង់ដារ និងស្អាតប្លែកជាងបណ្តាឆ្នាំមុនៗផងដែរ»

សូមបញ្ជាក់ផងដែរថា អភិបាលខេត្តកំពង់ស្ពឺ បានជំរុញឱ្យស្ថាប័នពាក់ពន្ធ័ទាំងអស់រៀបចំកែលំអរសោភ័ណភាពនៅតាមមន្ទីរអង្គភាពរបស់ខ្លួនឱ្យទទួលបានការចាប់អារម្មណ៍ និងគោលដៅដែលរដ្ឋបាលខេត្តបានប្រគល់ឱ្យ ធ្វើយ៉ាងណាពេលកម្មវិធីមកដល់ គឺរួចរាល់នឹងមិនភាពរាំងស្ទះដល់ដំណើរការនៃការអុំទូក អកអំបុក និងសំពះព្រះខែ៕