(កណ្ដាល)៖ លោក កន សុកកាយ អភិបាលស្រុកល្វាឯម ខេត្តកណ្តាល បានឱ្យដឹងថា រដ្ឋបាលស្រុកនឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូកង ខ្នាតអន្តរជាតិ និងទូកខ្លីចំនួន ៥០ទូក ដែលនឹងប្រព្រឹត្តិឡើងចំនួន ៣ថ្ងៃ គិតចាប់ថ្ងៃទី៨ ដល់ទី១០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ជាមួយនឹងការតុបតែង ការរៀបចំកាំជ្រួច តូបលក់ដូរ សន្តិសុខ និងពេទ្យជាង៣០០នាក់ ព្រមទាំងការកម្សាន្តនានាជាច្រើនផ្សេងទៀត។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល លោក កន សុកកាយ បានបញ្ជាក់ថា៖ «ដើម្បីជាការលើកម្ពស់បុណ្យជាតិ និងបង្កើតភាពសប្បាយរីករាយ ជាមួយនឹងការបញ្រ្ជាបពីការអភិវឌ្ឍ និងសន្តិភាព ជូនដល់ប្រជាពលរដ្ឋ លោក និងប្រធានក្រុមប្រឹក្សាស្រុក បានរៀបចំកម្មវិធីនេះឡើង ដែលនេះមិនមែនជាលើកទី១ទេ ពោលគឺធ្វើជារៀងរាល់ឆ្នាំ ខណៈដែលលើកនេះ ស្រុករៀបចំឱ្យកាន់តែអធិកអធមជាងមុននៅឯបរិវេណដីជាប់មាត់ទន្លេទល់មុខអធិការដ្ឋាននគរបាលស្រុកល្វាឯម ជាមួយនឹងការរំពឹងទុកនឹងទទួលបានភ្ញៀវទេសចរបានជាង ៥ម៉ឺននាក់ ខណៈដែលចំនួននេះកាលពីឆ្នាំទៅប្រជាពលរដ្ឋយើងបានមកលេងកម្សាន្ត ក្នុងចំនួនខ្ទង់៥ម៉ឺននាក់នេះដូចគ្នា»។
លោកបានបន្តថា ជាមួយនឹងកត្តាសន្តិភាពនេះហើយ ដែលស្រុកទេសយើងមានការរីកចម្រើន មានឱកាសបានរៀបចំព្រឹត្តិការណ៍ប្រណាំងទូកងនេះ យ៉ាងឱឡារឹកដែលរកបានមកដោយគណបក្សប្រជាជនកម្ពុជា ពិសេសគឺជាគុណបំណាច់ដ៏មហាសាលរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលខិតខំតស៊ូដឹកនាំប្រទេសជាតិពីបាតដៃទទេ មកស្គាល់ភាពរុងរឿង សម្បូរសប្បាយ និងរីកចម្រើនជាលំដាប់បែបនេះ។
ជាមួយគ្នានេះដែរ លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណដល់លោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកណ្ដាល ដែលលោកបានខ្នះខ្នែងជួយជ្រោមជ្រែងក្នុងកម្មវិធីនេះយ៉ាងស្វិតស្វាញ។ ក្នុងនោះដែរ ក៏អរគុណដល់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងជាប្រធានក្រុមថ្នាក់ជាតិ ចុះជួយស្រុកល្វាឯម ដែលបានខិតខំជួយឧបត្ថម្ភ, ព្រមទាំងលោក-លោកស្រី សប្បុរសជនជាច្រើនអ្នកផ្សេងទៀត ដែលបានជួយជ្រោមជ្រែងនៅក្នុងកម្មវិធីនេះ ដែលថវិកាសរុប ដ្ឋបាលស្រុកគ្រោងនឹងចំណាយរហូតដល់ ១៥០លានរៀលឯណោះ ខណៈដែលថវិកាត្រូវចាត់ចែងជាប្រាក់រង្វាន់ដល់ក្រុមកីឡាទូកង ទាំងអស់, គណៈកម្មការ, ក្រុមការងារទាំងអស់ដែលបានខិតខំរៀបចំកម្មវិធីនេះឡើង ហើយបន្តស្នើដល់សប្បុរសជននានាផ្សេងទៀត មេត្តាបន្តជួយបន្ថែមទៀតផងដែរ។
មិនតែប៉ុណ្ណោះ លោកអភិបាលស្រុករំពឹងទុកថាកម្មវិធីនេះ នឹងប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយជាងឆ្នាំមុនៗទៅទៀត ខណៈដែលការរៀបចំកម្មវិធីនេះ ត្រូវបានគិតគូរយ៉ាងច្បាស់លាស់ និងមានការគ្រប់គ្រងបានយ៉ាងម៉ឺងម៉ាត់ ជាមួយនឹងការរៀបចំទីតាំងលេងកម្សាន្តបានយ៉ាងច្រើន ហើយក្នុងនោះដែរ ក៏ការរៀបចំសន្តិសុខ និងពេទ្យក៏មានភាពច្បាស់លាស់ និងមានចំនួនដល់ទៅ ៣០០នាក់ឯណោះ។
លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងជិតទាំងឆ្ងាយ មេត្តាមកលេងកម្សាន្តទាំងអស់គ្នា ជាមួយនឹងប្រទេសជាតិដែលកំពុងតែមានភាពរុងរឿង និងកត្តាសុខសន្តិភាពនេះ៕