(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានសម្រេចរៀបចំ និងដាក់ឱ្យដំណើរការ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា» ដែលជាកម្មវិធីជំនួយសង្គមពិសេសមួយ មានគោលបំណងជួយស្រូបយកសម្ពាធពីការកើនឡើងខ្ពស់ នៃអតិផរណានេះក្នុងមួយគ្រា និងផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងហានិភ័យនៅទូទាំងប្រទេសកម្ពុជា ដែលនឹងត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់ និងត្រឹមត្រូវ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះដែរ រាជរដ្ឋាភិបាលតាមរយៈក្រសួងផែនការ ដែលជាសេនាធិការ នឹងចាប់ផ្តើមកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋគោលដៅដែលមានជីវភាពទាប និងមានភាពងាយរងគ្រោះ ដែលលក្ខណសម្បត្តិឆ្លើយតបទៅលក្ខខណ្ឌវិនិច្ច័យនៃគ្រួសារប្រជាពលរដ្ឋងាយរងហានិភ័យនៅទូទាំងប្រទេស នឹងទទួលបានការវាយតម្លៃ តាមរយៈការធ្វើកិច្ចសម្ភាសន៍តាមទូរសព្ទ និងតាប្លែត ដោយអាជ្ញាធរមូលដ្ឋាន និងមានការគាំទ្រពីកម្លាំងស្ម័គ្រចិត្ត ក្រោមការដឹកនាំ និងគ្រប់គ្រងដោយក្រសួងផែនការ និងដោយមានការសម្របសម្រួលពីក្រុមប្រឹក្សាជាតិគាំពារសង្គម។
សេចក្តីប្រកាសនេះបានបញ្ជាក់ទៀតថា ភាពងាយរងគ្រោះនៃ «គ្រួសារប្រជាពលរដ្ឋងាយរងហានិភ័យ» ត្រូវបានកំណត់ដោយផ្តោតលើគ្រួសា ដែលរស់នៅកៀកនឹងបន្ទាត់នៃភាពក្រីក្រ ដោយមានរួមបញ្ចូលនៅក្នុងគ្រួសារនោះ នូវជនទាំងឡាយ ដូចតទៅ៖ ជនមានពិការភាព, កុមារអាយុក្រោម ២ឆ្នាំ, ជនចាស់ជរាមានអាយុចាប់ពី ៦០ឆ្នាំឡើង, ស្ត្រីជាមេគ្រួសារ និងរស់នៅដោយគ្មានស្វាមី, គ្រួសារដែលមានសមាជិកសុទ្ធសឹងជាកុមារ និងមនុស្សចាស់ជរា (មិនមានសមាជិកគ្រួសារអាយុពី ១៩-៥៩ ឆ្នាំ)។
កម្រិតប្រាក់ឧបត្ថម្ភ, យន្តការ, នីតិវិធី, និងកាលបរិច្ឆេទនៃការដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នាពេលក្រោយ៕