(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា នឹងបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតដល់ដំណាច់ឆ្នាំ២០២២ និងបន្តពិនិត្យ វាយតម្លៃស្ថានភាពនៅរៀងរាល់ ៣ ខែម្តង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី៥ ខែតុលា ឆ្នាំ២២០២២។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយមើលឃើញពីភាពចាំបាច់ ក្នុងការបន្តជួយរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ជាពិសេសក្នុងបរិបទនៃការទទួលរងនូវផលប៉ះពាល់ទ្វេដង ពីវិបត្តិជំងឺកូវីដ-១៩ និងការកើនឡើងថ្លៃទំនិញខ្ពស់ ដែលផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ពួកគាត់, រាជរដ្ឋាភិបាល សម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតដល់ដំណាច់ឆ្នាំ២០២២ និងបន្តពិនិត្យ និងវាយតម្លៃស្ថានភាពនៅរៀងរាល់ ៣ ខែម្តង»

សូមជម្រាបថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

កម្មវិធីនេះ មានគោលបំណងផ្តល់ការគាំទ្រ និងសម្រួលជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ ប្រមាណជាង ៦0ម៉ឺនគ្រួសារ មានសមាជិកប្រមាណជិត៣លាននាក់ ហើយទទួលបានការសាទរពីអ្នកទទួលផល, ដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋទូទៅ។

ការរផ្តល់បណ្ណសមធម៌ និងការអនុវត្តសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺធ្វើឡើងដោយមិនរើសអើងនិន្នាការនយោបាយឡើយ គឺផ្តល់ទៅគ្រប់គ្រួសារទាំងអស់ ដែលត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពក្រីក្រពិតប្រាកដ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បានថ្លែងបញ្ជាក់ថា គិតចាប់ពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ខែមិថុនា ឆ្នាំ២០២០ មកដល់ខែកញ្ញា ឆ្នាំ២០២២ មានចំនួន១០ជុំរួចមកហើយ ដោយរាជរដ្ឋាភិបាលបានចំណាយទឹកប្រាក់ជាង ៨០០លានដុល្លារ៕