(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានផ្សាយផ្ទាល់តាមរយៈ Facebook របស់សម្តេច ចូលរួមអបអរសាទរជាមួយពិធីបុណ្យរ៉ាម៉ាដន របស់ខ្មែរ-ឥស្លាម ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញនេះ។ ជាមួយការចូលរួមអបអរសាទរនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ខ្មែរ-ឥស្លាមទាំងអស់ ធ្វើសកម្មភាពរួមគ្នាជាមួយប្រជាពលរដ្ឋកម្ពុជា ដើម្បីថែរក្សាសន្តិភាពនៅកម្ពុជា បើទោះបីកាន់សាសនាខុសគ្នា ក៏ដោយនោះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងចំពោះការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ-ឥស្លាម ក៏ដូចជាការប្រារព្ធពិធីបុណ្យរ៉ាម៉ាដននេះផងដែរ។ ជារៀងរាល់ឆ្នាំនៅថ្ងៃស្រាយបួស សម្តេចតេជោ តែបានចាត់តំណាងចូលរួមក្នុងពិធី ហើយតែងបានផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីនេះផងដែរ។
កាលពីឆ្នាំ២០១៥កន្លងទៅ នៅក្នុងពិធីបុណ្យរ៉ាម៉ាដននេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ចូលគ្រូខ្មែរ-ឥស្លាម ទៅក្នុងក្របខណ្ឌរដ្ឋ ហើយក៏បានអនុញ្ញាត ឲ្យនារីខ្មែរ-ឥស្លាមអាចថតរូបធ្វើលិខិតស្នាមមួយចំនួន ដោយមិនចាំបាច់ដោះស្បៃឃ្លុំមុខផងដែរ។
ប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា កំពុងមានសុខដុមនីយកម្មលើផ្នែកសាសនា ផ្ទុយពីបណ្តាប្រទេសមួយចំនួន កំពុងមានជម្លោះសាសនាកើតឡើង ព្រោះតែការប្រកាន់និន្នាការសាសនា។
សូមបញ្ជាក់ថា រ៉ាម៉ាឌន បានចាប់ផ្តើមនៅថ្ងៃទី០៦ ខែមិថុនា។ រ៉ាម៉ាឌន ជាខែដ៏ពិសិដ្ឋរបស់ឥស្លាម គ្រប់ទិសទីនៅលើសកលលោក ដែលអនុវត្តនៅលើប្រព័ន្ធលំនាំប្រពៃណីតែមួយ។
បួសរ៉ាម៉ាឌន ជាការបង្ហាញវប្បធម៌សន្តិភាពមួយ ដ៏ប្រសើរសម្រាប់សហគមន៍ឥស្លាម ព្រោះពិធីបួសរ៉ាម៉ាឌន គឺតម្រូវឲ្យសាសនិកឥស្លាម ដែលពេញវ័យគ្រប់ស្រទាប់វណ្ណៈ ធ្វើការតមអាហារ រយៈពេលប្រមាណជា ១៤ម៉ោង ជារៀងរាល់ថ្ងៃ ដើម្បីបញ្ជាក់អំពីការរួម រស់ស្មើសិទ្ធិគ្នារវាងមនុស្សគ្រប់ស្រទាប់វណ្ណៈ ជាពិសេសអ្នកដែលមានជីវភាពធូរធារ អាចដឹងពីរស់ជាតិក្រលំបាក និង ការអត់ឃ្លានរបស់ជន ក្រីក្រ ដែលគេចាំបាច់ត្រូវបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួន ជូនជនក្រីក្រទាំងឡាយ។ ក្នុងឱកាសបួសរ៉ាម៉ាឌន សាសនិកឥស្លាម មិនមែនតមតែអាហារប៉ុណ្ណោះឡើយ តែត្រូវតមទាំងអស់នូវរាល់កាយវិការមិនសមរម្យ ការនិយាយស្តីបង្កប៉ះពាល់សិទ្ធិ និង អារម្មណ៍អ្នកដទៃ ការបៀតបៀន រំលោភសិទ្ឋិ ការកេងប្រវ័ញ្ញ និង អំពើរអសិលធម៌ផ្សេងៗ៕