(បានឌុង)៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា និងជាប្រធាន គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ព្រមទាំងជាអនុប្រធានសមាគមច្បាប់អាស៊ាន (ASEAN Law Association) បានដឹកនាំគណៈប្រតិភូកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៤៣ នៃសមាគមច្បាប់អាស៊ាន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ កន្លងទៅនាទីក្រុងបានឌុង ប្រទេសឥណ្ឌូនេស៉ី។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់សមាជិក និងសមាជិកានៃគណៈកម្មាធិការជាតិ នីមួយៗនៃសមាគមច្បាប់អាស៊ាន ដែលក្នុងនោះរួមមានសមាសភាពប្រធានតុលាការកំពូល ចៅក្រម មេធាវី និងសាស្ត្រាចារ្យច្បាប់ដែលមានកេរ្តិ៍ឈ្មោះល្អ និងមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិជ្ជាជីវៈរបស់ខ្លួន។
សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ក្រោមការដឹកនាំដ៏មានប្រសិទ្ធិភាពរបស់ លោកលី ច័ន្ទតុលា ធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះនិងបានរៀបចំដោយ ជោគជ័យនូវកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤២ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដែលកិច្ចប្រជុំនេះជាការប្រជុំលើកដំបូងនិងតែមួយគត់ក្នុងប្រវត្តិសាស្ត្ររបស់សមាគមច្បាប់អាស៊ាន ដែលដំណើរការនៃកិច្ចប្រជុំទាំងមូលធ្វើឡើងតាមប្រព័ន្ធ Zoom។
នៅក្នុងសន្ទរកថាស្វាគមន៍នៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៣ នេះ លោក លី ច័ន្ទតុលា បានថ្លែងនូវចំណាប់អារម្មណ៍ដោយលើកយកខ្លឹមសារសំខាន់ៗចំនួន ៤ ចំណុចគឺ៖
* ប្រសិទ្ធិភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ានក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃកូវីដ-១៩ ដែលអនុញ្ញាតឱ្យមានកិច្ចប្រជុំដោយផ្ទាល់ ឡើងវិញបន្ទាប់ពីត្រូវបានខកខានក្នុងមួយរយៈពេលធំ។
* ការត្រៀមខ្លួនដ៏រួចរាល់របស់កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ដើម្បីរៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០២២នេះ។
* កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការចូលរួមអនុវត្ត កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ជាពិសេសការបង្ហាញឆន្ទៈរបស់កម្ពុជាដើម្បីធ្វើជាប្រទេស ម្ចាស់ផ្ទះនិងផ្តល់ទីតាំងសម្រាប់ លេខាធិការដ្ឋានអាសិប ដូចមានលើកឡើងក្នុងសន្ទរកថារបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសថ្លែងបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។
* ការថ្លែងអំណរគុណដល់ក្រុមការងាររៀបចំកម្មវិធីប្រជុំរបស់ គណៈកម្មាធិការជាតិនៃសមាគម ច្បាប់អាស៊ានឥណ្ឌូនេស៉ី សមាជិកសមាជិកានៃគណៈកម្មាធិការជំនាញនីមួយៗនៃសមាគម និងអ្នកដែលពាក់ព័ន្ធទាំងអស់ សម្រាប់ការខិតខំប្រឹងប្រែងបន្តនូវសកម្មភាពនានារបស់ សមាគមច្បាប់អាស៊ាន។
បន្ថែមពីនេះ លោក លី ច័ន្ទតុលា ក៏បានចូលរួមក្នុងកិច្ចពិភាក្សា និងផ្តល់មតិយោបល់លើ ឯកសារទស្សនៈទានសំខាន់ៗ ដែលគាំទ្រដល់សកម្មភាពរបស់សមាគមដូចដែលមានដាក់ជូនដើម្បី ពិភាក្សា និងសម្រេចស្របតាមរបៀបវារៈរបស់កិច្ចប្រជុំផងដែរ៕